(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងចាប់ផ្ដើមកែ សំណេរឯកសាររបស់បេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា នៅរសៀលនេះហើយ បន្ទាប់ពីក្រសួងបានបញ្ចប់អត្រាកំណែ។

លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ​ យុវជន និងកីឡា បានប្រាប់អង្គភាពព័ត៌មាន Fresh News ថ្ងៃទី២៨ ខែសីហា នៅមុននេះបន្ដិចថា​ «លោកគ្រូ អ្នកគ្រូ គណៈកម្មាធិការ បានបញ្ចប់អត្រាកំណែហើយ នឹងចាប់ផ្ដើមកែសំណេរ នៅរសៀលនេះហើយ នាមណ្ឌលកំណែទាំង១០ ក្នុងរាជធានីភ្នំពេញ»

​សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឆ្នាំ២០១៦ បានប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៦ ដែលមានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម រួមមានបេក្ខជនប្រឡងសរុប៩៣,៧៥២នាក់ មានមណ្ឌលប្រឡង១៥៧ ចែកចេញជា៣,៧៨២បន្ទប់ នៅរាជធានី-ខេត្តទាំង២៥។

សូមរំលឹកថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៦នេះ នឹងត្រូវបិទប្រកាសនៅរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ និងបិទប្រកាសនៅតាមបណ្តាខេត្ត នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះផងដែរ៕