(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ បានសម្រេចដកផ្លូវមួយខ្សែ ដែលជាគម្រោងដៃគូរអភិវឌ្ឍន៍ របស់ធនាគារពិភពលោក ដែលមានភាពយឺតយ៉ាវ ក្នុងការសាងសង់ ប្រគល់មកឲ្យអាជ្ញាធរខេត្តកំពង់ចាម ធ្វើការសាងសង់វិញ ដើម្បីជាការឆ្លើយតបតាមសំណើរបស់អ្នកលេង Facebook ម្នាក់ឈ្មោះ LE Moon ដែលបានចូល Comment នៅក្នុង Facebook សម្ដេច។

ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ Facebook ឈ្មោះ LE Moon បានសរសេរនៅក្នុង Comment របស់សម្តេចថា «យើងគឺជាប្រជាជនដែលរស់នៅ ក្នុងភូមិឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចង់ស្នើសុំឲ្យសម្ដេចកសាងផ្លូវនេះជាថ្មី ដោយសារតែយើងមានការលំបាក ក្នុងការទៅស្រុកកំណើត ទាំងរដូវវស្សា ឬរដូវប្រាំង ព្រោះថាផ្លូវនេះយើងត្រូវធ្វើដំណើរទៅជួប ឪពុក ម្ដាយ ជីដូន ជីតា។ ខ្ញុំសង្ឃឹមថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជួយ»

LE Moon បានបន្ដថា «សូមសម្តេចមេត្តាជួយសាងសងផ្លូវ ឲ្យកូនចៅផងពីព្រោះអីផ្លូវនេះពិបាកណាស់ មិនទាន់បានអភិវឌ្ឍន៍ទេ ពិបាកទាំងរដូវប្រាំង និងរដូវវស្សារ ផ្លូវនេះពិបាកតាំងពីខ្ញុំ កើតមករហូតដល់សព្វថ្ងៃ»

ជាការឆ្លើយតប សម្ដេចតេជោ បានលើកឡើងថា «ខ្ញុំសូមអភ័យទោសផងដែរ ដោយគម្រោងនេះ គឺជាគ្រោងដៃគូរបស់ធនាគារពិភពលោក ដែលមានការ យឺតយ៉ាវ»។ សម្ដេចបន្ដថា «ថ្ងៃនេះ ខ្ញុំបានពិភាក្សាជាមួយអភិបាលខេត្តកំពង់ចាម និងមន្រ្តីជំនាញ ហើយបានសម្រេចដកយកផ្លូវនេះមកឲ្យខេត្ត ធ្វើវិញ ដែលនឹងមានអ្នកជំនាញចុះសិក្សាថា នឹងចាក់បេតុង ឬចាក់កៅស៊ូ ជូនបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយបានប្រើប្រាស់ នៅក្នុងពេលឆាប់ៗខាងមុខនេះ»

សម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់ម្ចាស់គណនី Facebook ឈ្មោះ LE Moon ដែលបានព្យាយាមម្តងហើយម្តងទៀត ដាក់សំណូមពរនេះ មកកាន់ Page របស់សម្តេច ដើម្បីដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់គេ។

សកម្មភាពទាំងនេះបានបង្ហាញពីប្រសិទ្ធិភាពរបស់ប្រជាពលរដ្ឋ ដែលចូល Comment នៅលើ Facebook របស់សម្តេចតេជោ ហ៊ុន សែន, ដែលនេះកាន់តែបង្ហាញថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលមានភាពលំបាក និងបញ្ហាផ្សេងៗ៕