(ប៉េកាំង)៖ បច្ចេកវិទ្យាអវកាស របស់ប្រទេសចិន បានឈានទៅរកសក្ករាជថ្មីមួយទៀតហើយ តាមរយៈយានរុករក ថ្មីមួយដែលខ្លួនគ្រោងនឹងបង្ហោះ ទៅធ្វើការចុះចត និងសិក្សាពីស្រទាប់លើ របស់ភពអង្គារនៅឆ្នាំ ២០២១ ខាងមុខនេះ បន្ទាប់ពីបេសកកម្មសិក្សានៅផ្ទៃព្រះច័ន្ទ បានបញ្ចប់ទៅប្រកបដោយជោគជ័យ។ នេះបើតាមការចេញផ្សាយនៅមុននេះ បន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០១៦។

វាត្រូវបានចាត់ទុកជាការចំណាយថវិកាជាតិ ដ៏ច្រើនសន្ធឹកសន្ធាប់មួយ ដើម្បីធ្វើការរុករកនៅទីអវកាស ក្នុងនាមចិន ជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទីពីរលើលោក ហើយក៏បានក្លាយជា ប្រទេសទីបីនៅលើសកលលោក នេះផងដែរ ដែលនាំមនុស្សទៅកាន់ទីអវកាស កាលពីឆ្នាំ ២០០៣។ ប្រទេសចិនបានអះអាងផងដែរថា ខ្លួននឹងនាំមនុស្សទៅធ្វើ ការរុករកនៅទីឋានព្រះច័ន្ទផ្ទាល់នៅឆ្នាំ ២០៣៦ ខាងមុខនេះ។

សម្រាប់បេសកកម្មនៅភពអង្គារវិញ គឺសារព័ត៌មានស៊ិនហួរ បានចេញផ្សាយថា យានដែលនឹងត្រូវបង្ហោះទៅទីនោះ នឹងមានទម្ងន់ ២០០គីឡូមក្រាម បំពាក់ដោយកង់ចំនួន ០៦ ហើយវាដើរដោយថា មពលព្រះអាទិត្យដោយមានបន្ទះ សូឡាចំនួន ៤បំពាក់ពីខាងលើតួវាផងដែរ។ លោក Zhang Rongqiao ប្រធានបច្ចេកទេសរបស់បេសកកម្មចិន នៅភពអង្គារបានប្រាប់ឲ្យដឹងថា «ការប្រកួតប្រជែងដែលយើងនឹងត្រូវជួបប្រទះនោះ គឺមិនអាចគណនាបានឡើយ។ យានរុករក ក៏មានបំពាក់នូវកាម៉េរាចាប់រូបភាព និងប្រព័ន្ធរ៉ាដា ដែលនឹងបំពេញបេសកកម្មនៅឆ្នាំ ២០២១»

គួរបញ្ជាក់ថា យានថ្មីខាងលើនេះ ប្រទេសចិនមិនទាន់បានបង្ហើបឈ្មោះនៅឡើយទេ ប៉ុន្តែវាមានសមត្ថភាពខ្ពស់ក្នុង ការសិក្សាពីសណ្ឋានដី និងស្ថានភាពទូទៅនៃតំបន់អឌ្ឍគោល ខាងជើងរបស់ភពអង្គារ។ យាននឹងត្រូវបាញ់បង្ហោះនៅ អំឡុងខែ មិថុនា និង កក្កដា ឆ្នាំ២០២០ ហើយនឹងត្រូវចំណាយពេលហោះហើរ ៧ខែ ទើបទៅដល់ភពក្រហមនោះ ដែលវាត្រូវនឹងឆ្នាំ ២០២១តែម្តង៕