(ព្រៃវែង)៖ លោក ស សុខា តំណាងរាស្ដ្រមណ្ឌលព្រៃវែង ប្រកាសផ្ដល់អាហារូបករណ៍ និងការទំនុកបំរុងទាំងស្រុង ដល់សិស្សប្រុសម្នាក់រស់នៅស្រុកបាភ្នំ ឈ្មោះ បួន គុន ដែលពិការដៃទាំងសងខាង ក្រោយពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រួចរាល់។ លោក ស សុខា បានបញ្ជាក់នៅលើ Facebook របស់លោកថា «ដោយសារមើលឃើញឆន្ទៈ និងស្មារតីពុះពាររៀនសូត្រ ព្រមទាំងគ្រួសារប្អូនជួបការលំបាកផងនោះ ក្រុមការងារបានសម្រេចជួយទំនុកបំរុងប្អូនប្រុស បួន គុន ដែលពិការដៃទាំងពីរ ក្រោយពេលប្រឡងបាក់ឌុបរួច»។

លោក បានបន្ថែមថា បើប្អូនប្រុសប្រឡងជាប់ ក្រុមការងារនឹងផ្ដល់អាហារូបករណ៍ និងឧបត្ថម្ភការរស់នៅពេលរៀនមហាវិទ្យាល័យ ប្រសិនបើបើមិនជាប់វិញ ហើយប្អូនចង់រៀនបរិញ្ញាបត្ររង ក៏ក្រុមការងារជួយផ្គត់ផ្គង់ដែរ តែបើសិនប្អូនចង់រៀនថ្នាក់ទី១២ដដែល ក៏ក្រុមការងារជួយទំនុកបំរុងដែរ។ លោកបានឲ្យដឹងទៀតថា «កន្លងទៅក្រុមការងារ និងអាជ្ញាធរស្រុកបាភ្នំ ក៏ធ្លាប់ជួយឧបត្ថម្ភគាំទ្រប្អូនប្រុស និងក្រុមគ្រួសារដែរ ហើយក៏នៅតែបន្តយកចិត្តទុកដាក់ប្អូនប្រុសជាបន្តទៀតដែរ សូមប្អូនទទួលបានជោគជ័យ កុំបីខាន»។

ជាងនេះទៅទៀត លោកក៏ សូមកោតសរសើរដោយស្មោះចំពោះប្អូនប្រុស ដែលតស៊ូរៀនរហូតដល់ប្រឡងបាក់ឌុបនាពេលនេះ បើទោះជាពិការដៃទាំងពីរ និងកំព្រាម្ដាយ គ្រួសារជួបការលំបាក ក៏នៅតែពុះពាររៀនសូត្រ សូមជូនពរប្អូនឲ្យប្រលងជាប់បាក់ឌុបឆ្នាំនេះ៕