(ភ្នំពេញ)៖ សពបុរសម្នាក់ដែលត្រូវបាន ប្រជាពលរដ្ឋប្រទះឃើញ អណ្តែតទឹកទន្លេ នៅព្រឹកថ្ងៃម្សិលមិញ ដែលគេសង្ស័យជាអំពើឃាតកម្មនោះ ឥឡូវនេះដឹងរឿងហើយ គឺជនរងគ្រោះជាមនុស្ស កើតរោគសសៃប្រសាទ ដោយសារតែសង្សារបស់ខ្លួនជាទីស្រឡាញ់ បានបែកចិត្តកាលពី៨ឆ្នាំមុន។ នេះគឺជាការរៀបរាប់ពីស្រ្តីជាម្តាយរបស់សព ប្រាប់នគរបាលខណ្ឌជ្រោយចង្វារ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦នេះ។

សូមបញ្ជាក់ថា សាកសពអណ្តែតទឹកម្នាក់ នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៦ ត្រូវគេប្រទះឃើញអណ្តែតទឹកក្នងទន្លសាប ស្ថិតនៅក្រុមទី១ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ដោយជើងទាំង២របស់សព ត្រូវបានជាប់ច្រវ៉ាក់ ដោយចាក់សោជាប់តែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថា សាកសពឈ្មោះ សយ ភារម្យ អាយុ២៨ឆ្នាំ មានទីលំនៅ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខរបរនៅផ្ទះ មានជម្ងឺសសៃប្រសាទប្រចាំកាយ។

អ្នកស្រីញ៉េប ថាវរី គ្រូបង្រៀននៅសាលាបឋមសិក្សាទួលគោក ត្រូវជាម្តាយបង្កើតរបស់សាកសព និងសាច់ញាតិរបស់សាកសពជាច្រើននាក់ទៀតបានអះអាងថា កូនរបស់គាត់  មានជម្ងឺប្រចាំកាយ តាំងពីក្មេង ប៉ុន្តែតិចតួចទេ។ តែរយះពេលប្រហែល៨ឆ្នាំមុន កូនរបស់គាត់ មានទំនាក់ទំនង ជាមួយនារីម្នាក់រហូតក្លាយជាសង្សា លុះក្រោយមកនារីនោះបែកចិត្ត ទើបជនរងគ្រោះខូចចិត្ត ក៏កើតមានជម្ងឺសសៃប្រសាទរហូតមក ដោយក្រុមគ្រូសារបាននាំយកទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យរុស្សីុ និងបើកថ្នាំសសៃប្រសាទពីមន្ទីរពេទ្យជាប្រចាំខែ។

នៅក្នុងខែមករា ឆ្នាំ២០១៦ កូនរបស់គាត់ បានរត់ចេញពីផ្ទះ មកលោតសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារ ម្តងហើយ តែបាននគរបាលប្រចាំការ យាមស្ពានជួយចាប់ទាន់ ហើយផ្តល់ដំណឹង អោយក្រុមគ្រួសារមកយកទៅផ្ទះវិញ។

ស្រ្តីជាម្តាយបានបញ្ជាក់ទៀតថា នៅដើមខែសីហា ឆ្នាំ២០១៦ នេះ កូនរបស់គាត់ មានសភាពកាន់តែ ធ្ងន់ធ្ងរឡើងៗ ដោយឧស្សាហ៍ យកដៃវាយក្បាលខ្លួនឯង យកក្បាលបោកទៅលើជញ្ជាំងផ្ទះ និង និយាយស្រែកឡូឡាផ្តេសផ្តាស ថែមទាំងយកច្រវ៉ាក់ ដែលមានជាប់មេសោ ដែលទុកសម្រាប់ចាក់ម៉ូតូនៅផ្ទះប្រចាំថ្ងៃ  យកមកចាក់ ក ជើងខ្លួនឯង ហើយលោតក្នុបរិវេណផ្ទះទៀតផង។

នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ៧ព្រឹកគាត់បានចេញពីផ្ទះទៅបង្រៀនដោយទុកកូនឲ្យនៅផ្ទះជាមួយជីដូន អាយុ៨០ឆ្នាំ។ ក្រោយពីចេញពីបង្រៀនចប់ ម៉ោងសាលារដ្ឋ គាត់បានឆ្លៀតទៅបង្រៀនគួ នៅសាលាឯកជន រហូតដល់ម៉ោង៨យប់ ទើបគាត់ត្រឡប់មកដល់ផ្ទះ ពេលមកដល់ផ្ទះក៏បាត់កូន និងច្រវ៉ាក់សោសម្រាប់ចាក់ម៉ូតូ។ គាត់ដើរកមិនឃើញសោះ លុះដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ៥ល្ងាច ទើបគាត់ដឹងព័ត៌មាន រួចហើយ គាត់និងក្រុមគ្រួសារក៏ មកវត្តព្រែកតាគង់កន្លែងបូជាសពទើបឃើញកូនប្រុសរបស់ខ្លួនតែម្តង។

ឆ្លងតាមការអះអាងបញ្ជាក់ច្បាស់លាស់ពីសំណាក់ ក្រុមគ្រសាររបស់សាកសពឈ្មោះសយ ភារម្យ  ដូច្នេះកាសន្និដ្ឋានជាផ្លូវការ គឺការស្លាប់របស់ឈ្មោះសយ ភារម្យ  គឺជាអំពើអត្តឃាត ដោយលោតទឹកសម្លាប់ខ្លួនឯង  មិនមានពាក់ពន្ធ័ និងករណីឃាតកម្មឡើយ៕