(ភ្នំពេញ)៖ មុខសញ្ញាចែកចាយគ្រឿងញៀន ដ៏សកម្មម្នាក់ ដែលធ្វើឲ្យប្រជាពលរដ្ឋ នៅខណ្ឌពោធិសែនជ័យ មានការព្រួយបារម្ភយ៉ាងខ្លាំងនោះ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានហើយ នៅចំណុចភូមិត្រពាំងពោធិ សង្កាត់ចោមចៅ នាយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ដោយធ្វើការដកហូតថ្នាំញៀន២កញ្ចប់ធំតូច ដែលមានតម្លៃពី២ពាន់ទៅ៣ពាន់ដុល្លារ (ជនសង្ស័យប្រាប់សមត្ថកិច្ច) ។

អធិការនគរបាលខណ្ឌពោធិសែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ជនសង្ស័យដែលត្រូវបានកម្លាំង របស់លោកចាប់ខ្លួន នេះមាន ឈ្មោះ ជា សុភា អាយុ ២៧ ឆ្នាំ។ ក្រៅពីការដកហូតបានវត្ថុតាង ម្សៅក្រាមស ២កញ្ចប់ធំតូចនោះ កម្លាំងនគរបាលក៏បានដកហូត ម៉ូតូ ០១គ្រឿង ម៉ាក់ scopy ផងដែរ។

មន្រ្តីនគរបាលបានឲ្យដឹងថា ជនសង្ស័យរូបនេះ តែងតែធ្វើសកម្មភាពលក់ ចែកចាយគ្រឿងញៀនយ៉ាងខ្លាំង នៅតាមតំបន់ជាយក្រុង ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កូនៗរបស់ប្រជាពលរដ្ឋមួយចំនួន ដែលទទួលផលអាក្រក់ពីគ្រឿងញៀននេះ។

សម្រាប់ជនសង្ស័យ និងវត្ថុតាងទាំងនេះត្រូវបានយកទៅសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីចាត់ការបន្តទៀត៕