(ភ្នំពេញ)៖ សំណាងណាស់ មនុស្សប្រុសស្រីបីនាក់ នៅក្នុងរថយន្ត រួមជាមួយម្ចាស់ផ្ទះដែលកំពុងដេកលង់លក់ មិនបណ្តាលឲ្យរងរបួស គ្រាន់តែខូចខាតទ្រព្យសម្បត្តិតែប៉ុណ្ណោះ នៅក្នុងហេតុការណ៌ បើករថយន្តទៅនបុកចូលផ្ទះ នាម៉ោង៣៖០០នាទីរំលងអាធ្រាត្រ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

ម្ចាស់ផ្ទះដែលរងការខូចខាត ទ្រព្យសម្បត្តិដោយសារ រថយន្តបុកចូលនោះបានប្រាប់ថា នៅវេលាកើតហេតុរូបគាត់ រួមជាមួយក្រុមគ្រួសារកំពុងតែសម្រាន ស្រាប់តែឮសម្លេងផ្ទុះដូចគ្រាប់បែក ក៏ភ្ញាក់ដឹងខ្លួនហើយភ័យជាខ្លាំង ស្មានតែផ្ទុះអី លុះពេលចេញមើលក៏ឃើញ រថយន្តកូរ៉ូឡាមួយគ្រឿង បានបើកបុកតូប និងបុកទ្វារផ្ទះ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិតែប៉ណ្ណោះ ដោយសាររថយន្តបែកកង់ មិនអាចទៅទៀតបាន កុំអីគ្រួសារគាត់ត្រូវមានអ្នករងរបួសបាត់ទៅហើយ ឯចំណែកខាងរថយន្តបង្កវិញ ក៏មិនមានអ្នកណារងរបួសដែរ គ្រាន់តែខូចខាតទ្រព្យសម្បត្តិដូចគ្នា។

ក្រោយកើតហេតុដោយសារ តែគ្រោះថ្នាក់ខាងលើនេះ មិនបណ្តាលឲ្យមានមនុស្សរងរបួស ទើបខាងម្ចាស់រថយន្ត និងម្ចាស់ផ្ទះចរចាសងសំណង នៅកន្លែងផ្ទាល់តែម្តង៕