(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បានប្តេជ្ញាថានឹងការពារអធិបតេយ្យភាពរបស់ ប្រទេសនេះមិនឲ្យបាន បាត់បង់ដែនកោះនិងដែនទឹកសូម្បីតែមួយអ៊ីញឡើយ បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយនឹង នាវាចិននៅក្បែរកោះរបស់ឥណ្ឌូណេស៊ី ក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០១៦។

នៅក្នុងការថ្លែងសារទៅកាន់ប្រជាជាតិ នោះលោក Joko ក៏បានបញ្ជាក់ផងដែរថា ឥណ្ឌូណេស៊ីបានចូលរួមយ៉ាងសកម្ម ដោយផ្ទាល់កន្លងមកនេះ នៅក្នុងការស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព ចំពោះការបញ្ជាក់ពីម្ចាស់កម្មសិទ្ធិ ពិតប្រាកដនៃកោះក្នុងសមុទ្រដែលកំពុងមានជម្លោះ។ ភាពរកាំរកុះបានកើតឡើងនៅប្រជុំកោះ  Natunas ដែលសំបូរ ដោយធនធានធម្មជាតិព័ទ្ធជុំវិញ ដែលគ្រប់គ្រងដោយឥណ្ឌូណេស៊ី ហើយវាក៏ស្ថិតនៅក្នុងចង្កោមកោះដែលចិន បានធ្វើការទាមទារ នៅតំបន់សមុទ្រចិនខាងត្បូងផងដែរ។

គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នាបានកើតឡើងរវាងនាវាល្បាតចិន និងនាវាល្បាតរបស់ឥណ្ឌូណេស៊ី ប៉ុន្មានដងរួចមកហើយ នៅក្បែរប្រជុំកោះនោះ។ លោកប្រធានាធិបតីឥណ្ឌូណេស៊ី បានសង្កត់ធ្ងន់ពីជំហររបស់ខ្លួន នៅថ្ងៃអង្គារនេះថា «យើងកំពុងអភិវឌ្ឍន៍ប្រជុំកោះ Entikong, Natuna, និង Atambua ដូច្នេះពិភពលោកអាច មើលឃើញថា ឥណ្ឌូណេស៊ីជាទេសដ៏ធំមួយ ហើយក៏សំបូរដែនកោះ និងទឹក ដែលត្រូវតែទទួលការថែទាំងយ៉ាង ដិតដល់បំផុត»។ ទោះបីជាលោកមិនបានបញ្ជាក់ឈ្មោះប្រទេសចិនចំៗ នៅក្នុងសុន្ទរកថារបស់លោកមែន ក៏លើកបែបនេះ ពិតណាស់ថាបានសំដៅទៅលើប្រទេសចិន៕