(ភ្នំពេញ)៖ មន្ទីរពេទ្យពេទ្យមិត្ដភាពខ្មែរ-សូវៀត សហការជាមួយនឹង សមាគមចក្ខុកម្ពុជាអន្ដរជាតិ បានរៀបចំកម្មវិធីពិនិត្យ និងវះកាត់ភ្នែក ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៥-១៧ និងថ្ងៃទី២២-២៤ ខែសីហា ខាងមុខនេះ ។

ការចាប់ផ្ដើមពិនិត្យ និងវះកាត់ភ្នែកនៅថ្ងៃទី១៥ ទីខែសីហា នេះ ក៏មានការអញ្ជើញចូលរួមដោយលោកស្រី​ អេ​ន ​ជី​ឡា ខ័​រ​ខូ​រ៉ា​ន (Angela Corcoran) ឯកអគ្គរដ្ឋទូត​អូស្ដ្រាលី ប្រចាំ​កម្ពុជា និងថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាលផងដែរ ។

លោក វេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យរុស្ស៊ី បានថ្លែងថា «ថ្ងៃនេះមន្ទីរពេទ្យរុស្ស៊ី បានសហការជាមួយនឹងសមាគមចក្ខុកម្ពុជាអន្ដរជាតិ ដើម្បីរៀបចំពិនិត្យភ្នែក ឲ្យប្រជាពលរដ្ឋដែលក្រីក្រ មកពិនិត្យ និងវះកាត់បាយភ្នែកដោយឥតគិតថ្លៃ រហូតដល់ទៅ១ពាន់នាក់ ចាប់ពីថ្ងៃទី១៥-១៧ និងថ្ងៃទី២២-២៤ ខែសីហា ខាងមុខនេះ ជាមួយនឹងឧបករណ៍ទំនើបទាន់សម័យ វេជ្ជបណ្ឌិតពោរពេញទៅដោយសមត្ថភាពទាំងជាតិ និងអន្ដរជាតិ ពិសេស នេះជាឱកាសមួយសម្រាប់ប្រជាពលរដ្ឋក្រីក្រ នៅតាមទីជនបទ ដែលមិនចាំបាច់ចំណាយថវិកានោះទេ»

លោកបន្ថែមថា ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋ​ទាំងអស់ អញ្ជើញមកទទួលយកសេវាកម្មពិនិត្យ និងវះកាត់បាយភ្នែកដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យរុស្ស៊ី ដែលសហការជាមួយនឹង សមាគមន៍ចក្ខុកម្ពុជាអន្ដរជាតិ ដែលមានរយៈជាងមួយអាទិត្យនេះ ឲ្យបានច្រើនផងដែរ។

គួរបញ្ជាក់ថា ក្នុងមួយថ្ងៃនៃការចាប់ផ្ដើមពិនិត្យ និងវះកាត់បាយភ្នែកនេះ គឺមានប្រជាពលរដ្ឋជាច្រើនរយនាក់ បានមកទទួលយកសេវាកម្មនេះ ពិសេស ឃើញការមានយកចិត្ដទុកដាក់ខ្ពស់ពីសំណាក់លោកវេជ្ជបណ្ឌិត និងគិលានុបដ្ឋាការ និងដៃគូពាក់ព័ន្ធជាច្រើនទៀត៕