(ភ្នំពេញ)៖ បុរសជនជាតិរ៉ូម៉ានីម្នាក់ ដែលកម្លាំងគយ និងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើការឃាត់ខ្លួនជាមួយថ្នាំញៀន ប្រភេទកាកូអ៉ីនជិត ៥គីឡូក្រាមនោះ គិតត្រឹមរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ កំពុងស្ថិតក្រោមការសួរនាំនៅមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃនៅឡើយ មុនបញ្ជូនទៅកាន់តុលាការ។

លោកឧត្តមសេនីយ៍ត្រី សាន សុទ្ធី នាយករងមន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់ថា «ជនសង្ស័យរូបនេះ មិនទាន់បានបញ្ជូនទៅកាន់តុលាការនៅឡើយទេ ប្រហែលអាចស្អែក ហើយនៅពេលនេះ កំពុងស្ថិតនៅមន្ទីរនៅឡើយដើម្បីធ្វើការសួរនាំបន្តទៀត»។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ មន្រីគយ និងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបង្ក្រាបបទល្មើសគ្រឿងញៀនម្សៅកូកាអ៉ីន ដែលមានទម្ងន់សុទ្ធ ៤៩៦១.៦៩ក្រាម (ជិត៥គីឡូក្រាម) និងបទល្មើសស្នែងសត្វដែលសង្ស័យជាកុយរមាសដែលមានទម្ងន់សុទ្ធ ៤.៣៨ គីឡូក្រាម តាមជើងយន្តហោះលេខ QR970 ។ មន្រ្តីគយបានថ្លែងឲ្យដឹងថា វេលាម៉ោង ៤៖២០នាទីរសៀលថ្ងៃម្សិលមិញ មន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ចដែលប្រចាំការនៅស្ថានីយអ្នកដំណើរមកដល់ បានសហការជាមួយសមត្ថកិច្ចចំរុះចាប់ឃាត់គ្រឿងញៀនម្សៅកូកាអ៉ីន ដែលមានទម្ងន់សុទ្ធ ៤៩៦១.៦៩ក្រាម ជារបស់អ្នកដំណើរឈ្មោះ VARADI ADRIAN COLIN ភេទប្រុស អាយុ៣៥ឆ្នាំ សញ្ជាតិរ៉ូម៉ានី កាន់លិខិតឆ្លងដែនលេខ 087019867 ធ្វើដំណើរពីប្រទេសប្រេស៊ីល ឆ្លងកាត់ប្រទេសកាតា ប្រទេសវៀតណាម និងមកដល់ប្រទេសកម្ពុជា។

មន្ត្រីគយ និងរដ្ឋាករ បានបង្កើតគណ:កម្មការក្រោមការដឹកនាំសម្របសម្រួលដោយ លោក សៀង សុខ ព្រះរាជអជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានសមាសភាពចូលរួមដោយ មន្រីនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មន្រីកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ មន្ត្រីគយ និងរដ្ឋាករបានប្រគល់វត្ថុតាង និងជនសង្ស័យ ជូនមន្ត្រីនៃមន្ទីរប្រឆាំងគ្រឿងញៀនដើម្បីគ្រប់គ្រងថែរក្សា និងចាត់ការតាមនីតិវិធីបន្ត។

ដោយឡែកមួយករណីទៀត នៅវេលាម៉ោង ៤៖៣៥នាទីរសៀលថ្ងៃម្សិលមិញនេះដែរ មន្ត្រីគយ និងរដ្ឋាករដែលប្រចាំការនៅស្ថានីយអ្នកដំណើរមកដល់ បានសហការជាមួយសមត្ថកិច្ចចំរុះ ឃាត់កំណាត់ស្នែងសត្វដែលសង្ស័យជាកុយរមាសចំនួន ៨កំណាត់ មានទម្ងន់សុទ្ធ ៤.៣៨ គីឡូក្រាម របស់អ្នកដំណើរឈ្មោះ WENG ZHIYONG ភេទប្រុស អាយុ៣២ឆ្នាំ សញ្ជាតិចិន កាន់លិខិតឆ្លងដែនលេខ G61404528 ធ្វើដំណើរពីប្រទេស NAMIBIA ឆ្លងកាត់ប្រទេសកាតា ប្រទេសវៀតណាម មកកម្ពុជា តាមជើងយន្តហោះខាងលើជាមួយគ្នា។ អ្នកដំណើរ និងវត្ថុតាងមន្ត្រីគយ និងរដ្ឋាករបានប្រគល់ជូនរដ្ឋបាលព្រៃឈើភ្នំពេញគ្រប់គ្រងថែរក្សា និងចាត់ការបន្តតាមនីតិវិធី។

សូមរំលឹកថា កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២១០៦ សមត្ថកិច្ចគយប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្លាប់បានចាប់ឃាត់សារធាតុញៀនកូកាអ៉ីន ដែលមានទម្ងន់សុទ្ធ ១០៣៩.១០ ក្រាម តាមជើងយន្តហោះលេខ QR970 (Nigeria-Qatar-Cambodia) និងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២១០៦ សមត្ថកិច្ចគយប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានចាប់ឃាត់សារធាតុញៀនកូកាអ៉ីនដែលមានទម្ងន់សុទ្ធ ២៥៩៤.៥១ក្រាម តាមជើងយន្តហោះលេខ QR970 (Bahrain-Qatar-Cambodia)៕