(តាកែវ)៖ ខណៈដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គ្រោងអញ្ជើញចុះទៅសួរសុខទុក្ខមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តតាកែវ នៅថ្ងៃអង្គារ៍ស្អែកនេះ ក្រុមប្រជាពលរដ្ឋមួយចំនួន គ្រោងនឹងជួបជុំគ្នាស្នើសុំដោយផ្ទាល់មាត់ ទៅកាន់សម្ដេចតេជោ ដើម្បីសុំជួយអន្តរាគមន៍បញ្ចុះតម្លៃទឹកប្រើប្រាស់ ដែលមានតម្លៃរហូតដល់ទៅ២,០០០រៀល ក្នុង១ម៉ែត្រគូប និងថ្លៃថែទាំកុងទ័រ១,០០០រៀល ថែមទៀត។

អ្នកស្រី សុធា ជាប្រជាពលរដ្ឋក្រុងដូនកែវ បានថ្លែងថា តម្លៃទឹកបច្ចុប្បន្ន គឺមានតម្លៃខ្ពស់ណាស់ បើប្រៀបធៀបទៅនឹងខេត្តដ៏ទៃ ជាពិសេសនៅរាជធានីភ្នំពេញ ដែលមានតម្លៃត្រឹមតែជាង៦០០រៀល ប៉ុណ្ណោះ ក្នុង១ម៉ែត្រគូប។

ម្យ៉ាងទៀតទឹកប្រើប្រាស់ក្នុងខេត្តាកែវ បច្ចុប្បន្នមានក្លិនស្អុយ ហើយពេលខ្លះមានពណ៌ក្រហមព្រឿងៗទៀតផង, យើងមើលទឹកក្នុងបឹងគឺមានសភាពកខ្វក់មែនទែន ក្រុមហ៊ុនទឹកស្អាតមិនដែលសម្អាតលើផ្ទៃបឹងនោះទេ។

ប្រជាពលរដ្ឋរូបនេះ បានបន្ថែមថា «ខ្ញុំ និងប្រជាពលរដ្ឋដទៃ នឹងស្កាត់ទៅជួបសម្ដេចតេជោ នៅផ្សារតាកែវ ដើម្បីឱ្យសម្ដេចជួយបញ្ចុះតម្លៃទឹកនេះ ហើយខ្ញុំជឿថាសម្ដេចតេជោ នឹងជួយដល់ប្រជាពលរដ្ឋ ជាក់ជាពុំខាន»

ដោយឡែក អ្នកស្រី វី ជាអាជីវករលក់ដូរក្នុងផ្សារតាកែវម្នាក់ បានត្អូញត្អែរថា «ខ្ញុំមិនយល់ថា ហេតុអ្វីបានជាតម្លៃទឹកថ្លៃម្ល៉េះ វាថ្លៃជាងនៅភ្នំពេញ១គុណនឹង៣ ឬមួយក្រុមហ៊ុនទឹកស្អាតនេះ គិតថាពលរដ្ឋខេត្តតាកែវ​ មានជីវភាពធូរធាជាងអ្នកនៅភ្នំពេញ»

លោកស្រីបានបន្តថា ថ្ងៃស្អែក ពេលដែលសម្ដេចមកសួរសុខទុក្ខក្រុមអាជីវករ ក្នុងផ្សារតាកែវ គាត់នឹងស្នើរសុំឱ្យសម្ដេចជួយអន្តរាគមន៍ បញ្ចុះតម្លៃទឹកនេះ ជាក់ជាពុំខាន ព្រោះតម្លៃភ្លើងបានចុះហើយ ហេតុអ្វីក៏តម្លៃទឹក នៅតែថ្លៃបែបនេះ។ រាល់ទុក្ខលំបាករបស់ប្រជាជន សម្ដេចតេជោពិតជាជួយដោះស្រាយជាក់ជាពុំខាន ពីព្រោះសម្ដេចមិនទុកឱ្យក្រុមហ៊ុនទឹកស្អាត ក្រុងដូនកែវនេះ ធ្វើផ្គរធ្វើភ្លៀងតាមអំពើចិត្តនោះទេ៕