(មូស្គូ)៖ យន្តហោះចម្បាំងទម្លាក់គ្រាប់បែកធន់ធំរបស់រុស្ស៊ី បានវាយកម្ទេច​ទីបញ្ជាការធំរបស់​ក្រុមឧទ្ទាម ISIS នៅក្នុង​ទីក្រុង Deir ez-Zor ប្រទេសស៊ីរី ដោយបានបំផ្លាញនូវ​គ្រឿង​សព្វាវុធយុទ្ធភណ្ឌជាច្រើន។ ប៉ុន្តែមិនមានព័ត៌មានច្បាស់ការ​ទាក់​ទង នឹងមនុស្សស្លាប់ ឬរបួសឡើយ។ នេះ​បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែសីហា។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានថ្លែងឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់ប្រភេទ Tu-22M3 ចំនួន ៦គ្រឿង បានបើកការវាយ​ប្រហារ​តាមដែនអាកាសទៅលើ​ក្រុមឧទ្ទាម ISIS ដោយក្នុងនោះបានវាយកម្ទេចទីបញ្ជាការធំរបស់ ISIS ចំនួនពីរកន្លែង ក្នុងនោះមាន​ទីតាំងផ្ទុករំសេវចំនួន ៦កន្លែង, រថក្រោះ ២គ្រឿង, រថយន្តដឹកទ័ព ៤គ្រឿង, កាំភ្លើងយន្ត រួមនឹងអាវុធ​​យុទ្ធភណ្ឌ​ផ្សេងៗជាច្រើនទៀត។

គួរបញ្ជាក់ផងដែរថា រុស្ស៊ីបានចាប់ផ្ដើមបើកការវាយប្រហារតាមដែនអាកាសនៅលើប្រទេសស៊ីរី ដើម្បីកម្ទេចក្រុមឧទ្ទាម ISIS ចាប់តាំងពីចុងឆ្នាំ ២០១៥ ដោយបានសហការជាមួយនឹងសហរដ្ឋអាមេរិក តាមការស្នើសុំរបស់​រដ្ឋាភិបាលស៊ីរី៕