(ភ្នំពេញ) កម្លាំងសមត្ថកិច្ចដែលប្រចាំការនៅ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦នេះ បានចាប់ខ្លួនជនជាតិ ROMANIA ម្នាក់ ហើយរកឃើញកាកូអ៉ីន ជិត៥គីឡុក្រាម។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអបអរសាទរ និងកោតសសើរដល់ សមត្ថកិច្ចបំពេញការងារនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយបានសហការបង្រ្កាបករណីជួញដូរគ្រឿងញៀនឆ្លងដែនមួយនេះ។

លោកបានបន្តទៀតថា «កម្លាំងសមត្ថកិច្ចបានឃាត់ជនជាតិ ROMANIA ម្នាក់ធ្វើដំណើរតាមជើងយន្តហោះQR៩៧០ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ម៉ោង១៥និង៥០នាទី រកឃើញកូកាអ៉ីនចំនួន៤៩៦០.៦៩ក្រាមចូលមកកម្ពុជា»។

សម្រាប់ជនសង្ស័យរូបនេះត្រូវបាននាំខ្លួន យកទៅសួរនាំនៅមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តទៀត។

ពាក់ព័ន្ធនឹងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឧបត្ថម្ភថវិកា ចំនួន២មឺិនដុល្លារ ជូនកម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន ដែលមានស្នាដៃបង្ក្រាប និងចាប់ខ្លួន ជនជាតិថៃម្នាក់ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦កន្លងទៅ ដោយធ្វើការដកហូតថ្នាំជាង១៤គីឡូក្រាម៕