(ក្រុងឡុងដ៍)៖ អត្តពលិកទី៣ របស់កម្ពុជា គឺកីឡាការិនី លី ណារី នឹងប្រកួតកីឡាម៉ារ៉ាតុង វិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រ នៃអូឡាំពិក Rio 2016 នៅប្រេស៊ីល ម៉ោង ៧យប់នេះ ម៉ោងនៅកម្ពុជា។

យោងទៅតាមលោក វ៉ាត់ ចំរើន នាយកបេសកកម្មដឹកនាំអត្តពលិកកម្ពុជាទៅចូលរួមលើកនេះ បានថ្លែងប្រាប់ Fresh News ថា អនិកជនខ្មែរ-បារាំង លី ណារី ជាអត្តពលិកទី៣ របស់កម្ពុជា ដែលត្រូវចាប់ផ្តើមប្រកួតយប់នេះ បន្ទាប់ពីកីឡាហែលទឹក កីឡាករ ពូ សុវិជ្ជា និងកីឡាការិនី ហែម ថុនវិទិនី បានប្រកួតចប់ហើយ ធ្លាក់ក្នុងជុំទី១ ដូចគ្នា។

លី ណារី ធ្លាប់ធ្វើបានយ៉ាងល្អនៅក្នុងការរត់ចម្ងាយ ៤២គីឡូម៉ែត្រ  ដោយប្រើរយៈពេលជិត ៣ម៉ោង ក្នុងព្រឹត្តិការណ៍ Full Marathon មួយនៅក្រុងទីក្រុង Valencia ប្រទេសអេស្ប៉ាញ កាលពីចុងឆ្នាំ២០១៥ កន្លងទៅនេះដោយបានបញ្ចប់ក្នុងថិរវេលា ២ម៉ោង ៥៩នាទី និង ១២វិនាទី ស្ថិតក្នុងចំណាត់លេខ២៥ ក្នុងចំណោមកីឡាការិនីសរុប ១,៧៥០នាក់ មកពីជុំវិញពិភពលោក៕