(រតនគិរី)៖ កម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវ សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃុំប៉ក់ញ៉ៃ និង​កម្លាំងនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានធ្វើការឃាត់ខ្លូន​ជនជាតិវៀតណាម​៥នាក់ ដែលបានចូលមកលួចជីករ៉ែដោយខុសច្បាប់។ ការឃាត់ខ្លូននេះ​ ធ្វើឡើង​នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ម្សិល​មិញ​នេះ ត្រង់ចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ក្នុងប្រតិ​បត្តិការនេះដែរដឹកនាំបញ្ជា​ផ្ទាល់ដោយលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត​។

លោក សុខ មីន មេបញ្ជាការអាវុធហត្ថស្រុក បានប្រាប់ឲ្យដឹងថា ក្រោយពីទទួលព័ត៌មាន​ពីកម្លាំងសម្ងាត់ថា មានជនជាតិវៀតណាមលួចជីករ៉ែខុសច្បាប់ក្នុងភូមិសាស្ត្រខាងលើរួចមក រូបលោក​បាន​សុំយោបល់ ពីលោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ​អាវុធខេត្ត ដោយចុះបង្ក្រាបជាក់ស្តែង​​​មានតំណាងអធ្យការអមសាលាដំបូងខេត្ត ដឹកនាំបញ្ជាផ្ទាល់តែម្តង។ លោក សុខ មីន បន្តថាជន​ជាតិវៀតណាមចំនួន៥នាក់ ទី១-ឈ្មោះ ឡេ វ៉ាន់គឿង អាយុ៥២ឆ្នាំ មានស្រុកកំណើតក្រុង​ថាញ់វៀន ខេត្តញ៉ៃវៀន ទី២-ឈ្មោះ ឡា ឌឹកតាំង អាយុ២២ឆ្នាំ មានទីលំនៅភូមិជាង ឃុំទៀនញឹង ស្រុកឃឿងទុន ខេត្តថាញ់ហ៊ ទី៣-ឈ្មោះ វៀង ទន់ឌឹក ​អាយុ៤៦ឆ្នាំ មានស្រុកកំណើតភូមិថ្មី​ ឃុំហ៊ជុំ ស្រុកដុងហ៊ី ខេត្តថាញ់វៀន​ ទី៤-ឈ្មោះ ចិន ម៉ីង៉ង អាយុ៣៨ឆ្នាំ មានទីលំនៅភូមិតូ​ហាយ​ ឃុំហ៊ីជីញ​ ស្រុកដុងហ៊ី ខេត្ត​ញ៉ៃវៀន និងទី៥-ឈ្មោះ វ៉ី ថាញ់ដាយ ​អាយុ៤៨ឆ្នាំ មាន​ទីលំនៅភូមិថូនដាក់ថាញ់ ឃុំណាម​ទន់ ក្រុងណូ ខេត្តដាក់ណុង។ បន្ថែមពីនេះ លោកបានបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លួន​កម្លាំងជំនាញដកហូតបាន​ម៉ាស៊ីភ្លើងធំ១គ្រឿង ម៉ូទ័របូមទឹក​២គ្រឿង រថយន្តឡង់គ្រីស័រ១គ្រឿង និងឧបករណ៍សំរាប់ជីករ៉ែ មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យចំនួន៥នាក់​ ត្រូវបានកម្លាំងសមត្ថកិច្ចដែលចុះប្រតិបត្តិការបញ្ជូនមកស្នងការនគរបាលខេត្តរតនគិរីដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់។

ប្រភពព័ត៌មានដោយ​ឡែកទៀត ប្រាប់ឲ្យដឹងថា ជនជាតិវៀតណាម៥នាក់នេះ ត្រូវបានថៅកែជនជាតិវៀតណាមម្នាក់ឈ្មោះ គឿង នាំចូលតាមច្រកលេខ១៩ ដោយធ្វើសកម្មភាពលួច​ជីករ៉ែប្រមាណ​១០ថ្ងៃ កន្លងមកហើយ ដោយពេលថ្ងៃធ្វើការកន្លែងទីតាំងខាងលើ លុះពេលយប់នាំគ្នាទៅសម្រាប់នៅផ្ទះលោក ឡុង រុក្ខា​ ប្រធាននគរ​បាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។ តែគេ​កំពុងតែឆ្ងល់ថាជនជាតិវៀតណាមទាំងនេះ លួចចូលមកដីខ្មែរដោយខុសច្បាប់ និងមានសម្ភារៈជីករ៉ែជាច្រើន តើមានការជាប់ពាក់ព័ន្ធនឹងលោក ឡុង រុក្ខា ដែរឫទេ?៕