(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះបានបញ្ជាលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ ប្រគល់រថយន្តសង្រ្គោះជូនទៅអាចារ្យអេ អគ្គនាយកវិទ្យុ ABC វិញ បន្ទាប់ពីបានឃាត់កាលពីថ្ងៃទី១១ ខែសីហា កន្លងទៅនេះ។

ការបញ្ជារបស់សម្តេចតេជោ ហ៊ុន សែនបានធ្វើឡើង ក្រោយពីមានប្រជាពលរដ្ឋមួយរូប ដែលមានគណនី Facebook ថា Sophea Khith។ ម្ចាស់គណនី Facebook ឈ្មោះ Sophea Khith ស្នើថា «សូមសម្ដេចជួយអន្តរាគមន៏ការចាប់ឡានរបស់វិទ្យុ ABC ផង ការចោទប្រកាន់របស់មន្ទីរសុខភិបាលទៅលើឡានមួយនេះគ្រាន់តែជាមូលបង្កាច់តែប៉ុណ្ណោះ។ បើសិនសម្ដេចបណ្ដោយឲ្យ លោកមន្ទីរសុខាភិបាលក្រុងធ្វើបែបនេះ កូនចៅប្រាកដជាអស់ជំនឿលើ សម្ដេចទៀតហើយ ដោយសេចក្ដីគោរព»

ក្រោយឃើញសំណូមពរនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបវិញភ្លាមៗថា «ខ្ញុំបញ្ជាទៅអភិបាលរងក្រុង ឃូង ស្រេងទៅយក ឡាននេះ ប្រគល់ឲ្យវិញ។ សុំជំរាបអាចារ្យអេផង»

គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១០៖ ៣០នាទីព្រឹក ក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មការលុប បំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលឯកជនខុសច្បាប់ ដើម្បីកាត់បន្ថយភាពក្រីក្រក្នុងរាជធានីភ្នំពេញ បានឃាត់រថយន្ត គិលានសង្រ្គោះបន្ទាន់របស់វិទ្យុ ABC FM107.50 ដែលកំពុងតែចរាចរដឹកផលិតផលទឺកត្របែក ទៅចែកចាយឲ្យអាជីវករលក់បន្ត នៅចំណុច ស្ពានអាកាស ៥មករា (ស្តុបតិចណូ)៕