(ភ្នំពេញ)៖ ស្ត្រី​គ្រូពេទ្យ​គ្មាន​ជំនាញ​ម្នាក់​ចាក់​ថ្នាំ​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​រលូត​កូន​ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ត​ទៀត​ នៅ​ល្ងាច​ថ្ងៃ​ទី​១២​ ខែ​សីហា​ ឆ្នាំ​២០១៦​។  

អ្នក​នាំពាក្យ​អយ្យការ​អម ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ លី​ សុផាណា​ បញ្ជាក់​តាម​ប្រព័ន្ធ​ទំនាក់ទំនង​​ Telegram ថា​ «លោក គុជ គឹម​ឡុង​ ជាព្រះរាជអាជ្ញារង ដែលចាត់ការសំណុំរឿងអ្នកគ្រូពេទ្យឈ្មោះ ហាប់ សានឡុង បានបើកការ ស៊ើបសួរដោយចោទប្រកាន់ តាមមាត្រា៥ និងមាត្រា១២ នៃច្បាប់ស្តីពីការរំលូតកូន និងបញ្ជូនទៅចៅក្រមសើបសួរដើម្បីចាត់ការបន្ត»។

លោក​ លី​ សុផាណា​ បញ្ជាក់​បន្ថែម​ថា​ «បន្ទាប់ពីសួរចម្លើយ និងពិភាក្សាដេញដោលចំពោះមុខរួចមក លោក ធាម ច័ន្ទ​ពិសិដ្ឋ ជាចៅក្រម​ស៊ើប​សួរបានសម្រេចឃុំខ្លួន ជនត្រូវចោទជាបណ្តោះអាសន្ន» ។

មាត្រា​៥​ ចែង​ថា​ «មានតែវេជ្ជបណ្ឌិត ឬគ្រូពេទ្យ មធ្យម ឬ ឆ្មប មធ្យម ដែល បាន ទទួល ការ អនុញ្ញាត ពី ក្រសួង សុខាភិបាល ទើប អាច ធ្វើ ការ រំលូត កូន បាន​ "​ ។ ​

មាត្រា​១២​ ចែង​ថា​ «ជនទាំងឡាយណាដែលបានប្រព្រឹត្តល្មើស នឹងមាត្រា ៥ ឬ ៦ នៃច្បាប់នេះត្រូវទទួលខណ្ឌកម្ម និងទោសទណ្ឌ ដូចខាងក្រោម៖ បើជាវេជ្ជបណ្ឌិត ឬ គ្រូពេទ្យមធ្យម ឬជាឆ្មបមធ្យម ត្រូវព្រមាន។ ក្នុងករណីមិនរាងចោល ត្រូវបញ្ឈប់ពីមុខងារ ឬបិទគ្លីនិក ឬមន្ទីរសម្ភពនោះ ដោយមិនទាន់គិតដល់បទល្មើសព្រហ្មទណ្ឌ ដូច ចែងខាងក្រោមនេះ។ បើមិនមែនជាវេជ្ជបណ្ឌិត ឬគ្រូពេទ្យមធ្យម ឬជាឆ្មបមធ្យម ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារ ពី១ខែ ទៅ១ឆ្នាំ។ -បើការរំលូតកូននោះបណ្ដាលឱ្យស្ត្រី ដែលមានគភ៌ មានជម្ងឺរ៉ាំរ៉ៃ ឬពិការ ត្រូវផ្ដន្ទាទោស ពី១ឆ្នាំ ទៅ៥ឆ្នាំ។ -បើការរំលូតកូនបណ្ដាលឱ្យស្ត្រី ដែលមានគភ៌មានគ្រោះថ្នាក់ដល់ស្លាប់ ត្រូវផ្ដន្ទាទោស ដាក់ ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ​»។

ដើមចម​នៃ​សំណុំរឿង​នេះ​ គឺ​កាលពីជាងមួយសប្ដាហ៍មុន ស្រ្តីមានផ្ទៃពោះម្នាក់ បានទូរស័ព្ទចូលក្នុងវិទ្យុ ABC ថា រូបគាត់បានទៅឲ្យ អ្នកគ្រូពេទ្យ ហាប់ សានឡុង ធ្វើការពិនិត្យផ្ទៃពោះ ដោយអ្នកគ្រូពេទ្យរូបនេះប្រាប់ថា កូនក្នុងផ្ទៃរបស់គាត់មានបញ្ហា ហើយគ្រូពេទ្យបាន ឲ្យលេបថ្នាំ រួចឲ្យត្រឡប់មកផ្ទះវិញ មិនបានប៉ុន្មានផង ស្រាប់តែរូបគាត់មានអាការៈមិនស្រួលខ្លួន ហើយកូនក្នុងផ្ទៃរបស់គាត់បាន រលូតចេញមក​៕