(ក្រុងរីយ៉ូ)៖ ក្រុមអត្តពលិករបស់អាមេរិក នៅតែបន្តនាំមុខពីការឈ្នះមេដាយកើនដល់ ៣៥គ្រឿង ក្នុងព្រឹត្តិការណ៍ Olympic Games 2016 នៅប្រេស៊ីល ជាមួយកីឡា៤ប្រភេទបានប្រកួតចប់ហើយ។

យោងតាមគេហទំព័រ Rio 2016 បានចេញផ្សាយឲ្យដឹងថា ក្រុមអត្តពលិករបស់មហាអំណាចអាមេរិក បានឈ្នះមេដាយមាស ១៣គ្រឿង ប្រាក់១២ និងសំរឹទ្ធ១០ បន្តនាំមុខគេដាច់ដដែល ដោយចិនឈរនៅលេខ២ ឈ្នះមេដាយបាន ២៦គ្រឿង និងជប៉ុនលេខ៣ ឈ្នះមេដាយបាន ១៩គ្រឿង គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ម៉ោងនៅកម្ពុជា។

ទន្ទឹមគ្នានោះដែរ មាន៥៦ប្រទេសដែលបានឈ្នះមេដាយនៅ Rio 2016 ខណៈដែលមេដាយដែលបំពាក់រួចរាល់បានកើនដល់ ២៨០មេដាយ (មាស៨៩ ប្រាក់៨៩ និងសំរឹទ្ធ១០២) ជាមួយនឹង៤ប្រភេទកីឡា រួមមានកីឡាបាញ់ធ្នូ កីឡាជិះទូកកានូ កីឡាយូដូ និងកីឡាជិះកង់ ត្រូវបានបញ្ចប់ហើយ ក្នុងចំណោម ២៨កីឡាដែលដាក់ឲ្យប្រកួត។

ជាបន្តនៅរាត្រីម៉ោង ១១យប់នេះ ម៉ោងនៅកម្ពុជា កីឡាការិនីហែលទឹកកម្ពុជា ហែម ថុនវិទិនី នឹងចាប់ផ្តើមប្រកួតហើយ ក្នុងវិញ្ញាសា ហែលចម្ងាយ ៥០ម៉ែត្រសេរី៕