(មូស្គូ)៖ ទីបំផុតប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានទៅដល់ប្រទេសរុស្ស៊ី និងជួបពិភាក្សាទ្វេភាគី ជាមួយប្រធានាធិបតីលោក វ្លាឌីមៀ ពូទីន រួចរាល់ហើយ ដោយក្នុងនោះលទ្ធផលដ៏គាប់​ប្រសើរទីមួយបានកើតឡើង គឺប្រទេសរុស្ស៊ីបានសម្រេចដកទណ្ឌកម្មលើពាណិជ្ជកម្មចំណីអាហារ ចេញពីតួកគីនៅចុង ឆ្នាំ ២០១៦ ខាងមុខ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០១៦។

រដ្ឋមន្ត្រីសេដ្ឋកិច្ចរុស្ស៊ីលោក Alexei Ulyukaye បានប្រាប់សារព័ត៌មានក្នុងស្រុក RIA ទៀតថា «យើងបានព្រមព្រៀងរួចហើយ ចំពោះដំណើរការដ៏ជាក់លាក់នេះ។ បញ្ហាដែលនៅសេសសល់ដូចជា ពាណិជ្ជកម្ម សាច់, បស្សុសត្វ, និង ទឹកដោះគោ នឹងត្រូវដោះស្រាយបន្តជាលក្ខណៈទ្វេភាគី។ យើងត្រូវតែធ្វើឲ្យប្រាកដច្បាស់ថា រាល់ផលិតផលរបស់តួកគី គឺស្របទៅតាមស្តង់ដារ ដែលទីភ្នាក់ងារ Rosselkhoznadzor របស់រុស្ស៊ីចង់បាន»។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបានសម្រេចដាក់ទណ្ឌកម្មធ្ងន់ធ្ងរមួយចំនួន ក្នុងនោះក៏មានការហាមនាំចូលចំណីអាហារ ផងដែរទៅលើប្រទេសតួកគី ក្រោយពីកងទ័ពអាកាសតួកគី បានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿង នៅក្បែរព្រំដែនប្រទេសស៊ីរី ដែលកាលណោះរដ្ឋាភិបាលអង់ការ៉ាបានលើកឡើងថា ដោយសារតែយន្តហោះចម្បាំង រុស្ស៊ី បានហោះរំលោភចូលដែនអាកាសរបស់ខ្លួន ដែលជាការផ្គើននឹងសារព្រមានមួយកាលពីខែវិច្ឆិកា ឆ្នាំ២០១៥៕