(អាមេរិក)៖ ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines បានប្រកាសឲ្យដឹងថា ប្រព័ន្ធដំណើរការ (Systems) របស់ក្រុមហ៊ុន​ត្រូវបា​ន​ជាប់គាំងដោយសារតែ​ដាច់ប្រព័ន្ធអគ្គិសនី (ដាច់ភ្លើង) ហើយនៅពេលនេះក្រុមហ៊ុនកំពុងតែធ្វើការជួសជុល ខណៈ​ជើងហោះ​ហើរទាំងអស់ត្រូវបាន​ផ្អាកបណ្ដោះអាសន្នទាំងស្រុងនៅជុំវិញពិភពលោក។ នេះ​បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sky News នៅមុននេះបន្តិច។

ក្រុមហ៊ុន Delta បានឆ្លើយតបទៅកាន់អតិថិជនរបស់ខ្លួន តាមរយៈបណ្ដាញសង្គម Twitter ថា ប្រព័ន្ធដំណើរការ (Systems) របស់​ក្រុមហ៊ុននៅជុំវិញពិភពលោក​ត្រូវបានជាប់គាំង។ អ្នកនាំពាក្យរបស់​ Delta បានបញ្ជាក់ថា នៅពេលនេះ​ប្រព័ន្ធ Systems នៅជុំវិញពិភពលោកគឺមិនដំណើរការ ប៉ុន្តែមិនបានបញ្ជាក់ពីព័ត៌មានលម្អិតឡើយ៕