(ភ្នំពេញ)៖ លោកតា កុល សែម អាយុ ៧៤ឆ្នាំ ជាសិល្បៈករជើងចាស់ និងជាម្ចាស់បទចម្រៀង «ខ្មៅមាសបង ឬ មាន់រងាវ» ដែលកំពុងមានជំងឺលើសឈាម និងខូចតម្រងនោម បានទទួលអំណោយឧបត្ថម្ភជាថវិកាចំនួន ១០ លានរៀល ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ នេះ។

ក្នុងពេលជួបសំណេះសំណាលជាមួយភរិយារបស់លោកតា ដែលមកទទួលថវិកាឧបត្ថម្ភនេះ លោកស្រី អគ្គលេខាធិការរងទី ១ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ចំពោះចាស់ៗ ជាសិល្បៈករ ដែលជាអ្នកបានបន្សល់ទុកនូវស្នាដៃសិល្បៈ ដូចជា បទចម្រៀង របាំ ល្ខោន ឬការសំដែងផ្សេងៗ ទុកសម្រាប់កូនចៅជំនាន់ក្រោយបានរៀនសូត្រតាម។

បច្ចុប្បន្ននេះ លោកតា កុល សែម មានទីលំនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយគាត់កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ៕⁠⁠⁠⁠