(ភ្នំពេញ)៖ ក្រុមបាល់ទាត់គោព្រៃជម្រើសជាតិកម្ពុជា បានបំបែកប្រវត្តិសាស្រ្ត យកឈ្នះក្រុមភ្ញៀវសិង្ហបុរី ដោយលទ្ធផល២-១ ក្នុងជំនួបមិត្តភាពអន្តរជាតិនារាត្រីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលទើបបញ្ចប់នៅមុននេះបន្តិច នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ៥ម៉ឺននាក់។

ក្នុងជំនួបដ៏ស្វិតស្វាញនេះដែរ កម្ពុជា បានបើកការនាំមុខសិង្ហបុរី ១គ្រាប់មុនពីការទាត់បាល់ពិន័យហ្វ្រីឃីក (Free-ick) បានសម្រេចដោយ កីឡាករខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា នៅនាទីទី១៩ មុនពេល៤នាទីក្រោយមក សិង្ហបុរី តាមបានស្មើ វិញដោយកីឡាករពាក់អាវលេខ២ Amri។

តែយ៉ាងណាក៏ដោយ សំឡេងគាំទ្រទ្រហឹងអឹងកងពេញស្តាត បានធ្វើឲ្យក្រុមកីឡាករកម្ពុជា កាន់តែមានសន្ទុះខ្លាំងឡើងនិងខិតខំ វាយបករហូតរកបានគ្រាប់ទី២ នៅនាទីទីចុងម៉ោងនៃវគ្គទី១ (៤៥+១) ស៊ុតដោយកីឡាករ ទិត្យ ឌីណា បើទោះបីជាវគ្គទី២ ពុំមានការ បំប៉ោងសំណាញ់ទីគ្នាទៀតក៏ដោយ គ្រាដែលកម្ពុជានៅសល់សមាជិក ១០នាក់ចាប់ពី នាទីទី៧៥មក ដោយកីឡាករ ហុង ផេង កាត់ក្រហម (កាតលឿង ២ដង)។

សូមបញ្ជាក់ផងដែរថា ក្រុមគោព្រៃកម្ពុជា អាចបំបែកប្រវត្តិសាស្រ្តបានហើយក្នុងរយៈពេល ១៣ឆ្នាំមកនេះ ដោយបាន លេងឈ្នះសិង្ហបុរី គិតចាប់តាំងពីឆ្នាំ២០០៤ លេងមិនដែលឈ្នះសោះ សូម្បីតែស្មើក៏គ្មានដែរ៕