(ហាណូយ)៖ ប្រទេសវៀតណាមកំពុងតែត្រៀមខ្លួន ទទួលព្យុះកំណាច Mirinae ដែលនឹងវាយប្រហារភាគខាងជើង ប្រទេសនៅយប់ថ្ងៃពុធ ខណៈអាជ្ញាធរក្នុងតំបន់កំពុងព្រួយបារម្ភថា នឹងអាចកើតមានការបាក់ដី និងទឹកជំនន់។ នេះ បើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០១៦។

កងកម្លាំងត្រៀមសង្គ្រោះបន្ទាន់នៅតាមបណ្តោយឆ្នេរនៃខេត្ត Quang Ninh ដល់ភាគខាងត្បូងខេត្ត Phu Yen បានរៀបចំទូកសង្គ្រោះបន្ទាន់ និងបោះតង់សម្រាប់ប្រជាជនមកស្នាក់នៅបណ្តោះអាសន្ននៅកន្លែងដែលមាន សុវត្ថិភាព។ ព្យុះកំណាចត្រូវបានគេរំពឹងថា នឹងបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងគំហុក ដែលទំនងជានឹងបង្កការបាក់ដី នៅភាគខាងជើងវៀតណាម ហើយវាត្រូវបានគេព្យាករណ៍ថានឹងមកដល់នៅពេលយប់នេះ។

គួរបញ្ជាក់ថា ព្យុះ Mirinae នឹងមានល្បឿនរហូតដល់ទៅ ២០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវានឹងចល័តទៅតំបន់ ភាគខាងលិច និងពាយ័ព្យវៀតណាម។ ដោយឡែកទូកនេសាទវៀតណាមប្រមាណ ៦១,៩៣៧ គ្រឿង និងប្រជាជន ២៧០,៦២៧នាក់ ត្រូវបានអាជ្ញាហៅឲ្យត្រឡប់កំពង់ផែវិញ ខណៈព្យុះជិតនឹងមកដល់ហើយនោះ៕