(ភ្នំពេញ)៖​  លោក​ប៉ិល កុសល ​​អភិបាលខណ្ឌ​សែន​សុខ​ នៅ​ល្ងាចថ្ងៃ​ទី​២៥​ ខែ​កក្កដា ​ឆ្នាំ​២០១៦ ​បានចុះ​មើល​ការដ្ឋាន​ ជួស​ជុល​ផ្លូវ​លេខ​១៥៨បេ​ មាន​ប្រវែង​បណ្តោយ​៥៧០​ម៉ែត្រ ទទឹង​៨​ម៉ែត្រ​ ចាក់​ក្រាល​កៅស៊ូAC នៅ​ភូមិ​ទំនប់​ សង្កាត់ភ្នំពេញ​ថ្មី​ ខណ្ឌសែនសុខ​។ លោក​អភិបាល​ខណ្ឌ ​បាន​ថ្លែង​​ថា ផ្លូវដែលកំពុងស្ថាបនានេះ ជាគម្រោងរបស់ខណ្ឌសែនសុខ ឆ្នាំ២០១៦ ​ដោយ​ចំណាយ​ថវិកា​​៧២៨,៨២៤,០០០រៀល។

លោក​​​បញ្ជាក់​ថា ក្នុងនាមរដ្ឋបាលខណ្ឌ និងប្រជាពលរដ្ឋរស់ នៅក្នុង​ខណ្ឌសែនសុខ​ទាំង​មូល និងក្នុងនាមលោកផ្ទាល់ សូមសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា ​បានដឹក​នាំ​ប្រទេស​ឲ្យមានសុខសន្តិភាព និងមានការអភិវឌ្ឍគ្រប់វិស័យ។​

សូមបញ្ជាក់ថា ដើម្បីកាត់បន្ថយភាពក្រីក្រ  របស់ប្រជាពលរដ្ឋក្នុងការផ្តល់ថវិកា ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេស​រដ្ឋ​បាល​ខណ្ឌ​សែន​សុខ​ ជារៀងរាល់​ឆ្នាំ ដើម្បី​ធ្វើការអភិវឌ្ឍនៅ​ក្នុងមូលដ្ឋានរបស់​ខ្លួនដោយ​ផ្តោត​សំខាន់​ទៅ ​លើគម្រោង​ជាអាទិភាពគឺ ការ​ស្ថាបនា​ផ្លូវ​ និង​ការ​ដាក់​លូ​រំដោះ​ទឹក ដោយ​មាន​លក្ខណៈ​ល្អប្រសើរ និងមានគុណភាពខ្ពស់បំផុត៕