(ប៉ារីស)៖ ប្រធានស្នងការអឺរ៉ុបលោក Jean-Claude Juncker បានថ្លែងថា ប្រទេសតួកគីគ្មានវិធីណាមួយដែលអាច ក្លាយជាសមាជិករបស់សហភាពនេះក្នុងពេលឆាប់ៗនោះឡើយ ហើយប្រសិនបើរដ្ឋាភិបាលតួកគីសម្រេចយកច្បាប់​ប្រហារជីវិតមកអនុវត្តន៍ឡើងវិញនោះ កិច្ចពិភាក្សានិងចរចានានានឹងត្រូវបញ្ឈប់ភ្លាមៗ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយ Channel News Asia នារសៀលថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០១៦។

លោក Jean-Claude បានថ្លែងតាមកញ្ចក់ទូរទស្សន៍បារាំង France 2 នាថ្ងៃចន្ទនេះថា «ខ្ញុំជឿជាក់ថាស្ថានភាពរបស់ ប្រទេសតួកគីនាពេលបច្ចុប្បននេះ ពិតជាមិនមានវិធីណាមួយក្នុងការក្លាយខ្លួនជាសមាជិក EU ឲ្យបានលឿន ឬមួយក៏យូរទៅមុខបាននោះឡើយ។ ប្រទេសដែលមានច្បាប់ប្រហារជីវិត នោះសហភាពអឺរ៉ុបគ្មាន កន្លែងណាមួយដែលអាចទទួលជាធ្វើជាសមាជិកបានឡើយ»។

គួរបញ្ជាក់ថា ចាប់តាំងពីកើតមានរដ្ឋប្រហារ ១០ថ្ងៃមកនេះ រដ្ឋាភិបាលតួកគីដែលកំពុងគ្រប់គ្រងអំណាចឡើងវិញ បាន ចាប់ឃុំ, ដកតំណែង និង បើកការស៊ើបអង្កេត មន្ត្រីពាក់ព័ន្ធគ្រប់ស្ថាប័នសរុបជាង ៦០,០០០នាក់។ មន្ត្រីភាគច្រើនមក ពីស្ថាប័ន យោធា, ប៉ូលិស, គ្រូបង្រៀន និង រួមមានទាំងមន្ត្រីរដ្ឋជាច្រើនទៀត ដែលអាជ្ញាធរអះអាងថាបានជាប់ពាក់ព័ន្ធ នឹងការធ្វើរដ្ឋប្រហារតែបរាជ័យនោះ៕