(មណ្ឌលគិរី)៖ ដំរីព្រៃជំទង់១ក្បាល បានជាប់អន្ទាក់របស់ព្រាន នៅតំបន់ព្រៃការពារធម្មជាតិ ចន្លោះស្រុកអូររាំង និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានគេរាយការណ៍ថា បានងាប់ហើយ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ ដោយសារតែក្រុមមន្រ្តីជំនាញ មិនអាចទៅជួយសង្គ្រោះទាន់ពេលវេលា។ ពីដំបូងដំរីមួយក្បាលនេះ នៅរងរបួសធ្ងន់នៅឡើយទេ ប៉ុន្តែមកពីក្រុមជំនាញ​ជួយមិនទាន់ក៏ងាប់តែម្តងទៅ។ ហេតុការណ៍នេះ ត្រូវបានពលរដ្ឋប្រទះឃើញនៅក្នុងព្រៃកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដានេះ មន្រ្តីជំនាញទាំងអស់ នៅខេត្តមណ្ឌលគិរី ហាក់បីដូចជា ធ្វើការសង្រ្គោះយឺតយ៉ាវទំនងខ្វះឧបករណ៍ ហើយមកពីការជួយសង្រ្គោះ មានការយឺតយ៉ាវដំរីព្រៃ១ក្បាលនេះហើយ ទើបបណ្តាលឲ្យងាប់។

សត្វដំរីងាប់ដោយសារតែកម្លាំងរបស់វាបាន និងកំពុងចុះខ្សោយដោយសារ អត់ទឹក អត់អាហារ និងរងរបួសនៅចំកន្លែង ជាប់អន្ទាក់ផងដែរ។ មហាជនទូទាំងខេត្តមណ្ឌលគិរី បានសុំឲ្យក្រុមអាជ្ញាធរ​ព្រមទាំង មន្រ្តីជំនាញក៏ដូចជា ជំនាញពាក់ព័ន្ធទាំងអស់ ជួយរួមគ្នារិះរកគ្រប់ មធ្យោបាយដើម្បីជួយសង្រ្គោះ ដល់សត្វកម្រនេះទាំងអស់គ្នាតែជាអកុសលវាយបានងាប់បាត់ទៅហើយ៕