(ភ្នំពេញ)៖ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានប្រកាសអំពីជំហរ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះថា គណបក្សសង្រ្គោះជាតិ មិនមានការពាក់ព័ន្ធនឹង ក្រុមណាមួយ ដែលប្រឆាំង នឹងរដ្ឋធម្មនុញ្ញកម្ពុជានោះទេ។

ការប្រកាសរបស់មន្រ្តីគណបក្សប្រឆាំងនេះ បានធ្វើឡើងបន្ទាប់ពីមាន បុរសម្នាក់ស្ថិត នៅក្នុងក្រុមរណសិរ្យរំដោះជាតិខ្មែរ ដែលលាក់ខ្លួនប្រឆាំងរដ្ឋាភិបាលកម្ពុជា ប្រកាសធ្វើរដ្ឋប្រហារផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ របស់ប្រទេសកម្ពុជា ដែលជាការប្រឆាំងធ្ងន់ធ្ងរ ទៅនឹងរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ប្រទេស។

នៅក្នុងសន្និសីទកាសែតមួយ នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ លោក យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់ថា «គណបក្សសង្រ្គោះជាតិ ថ្កោលទោស និងបដិសេធរាល់បុគ្គល ឬក៏ក្រុម ឬបក្ខពួកណាមួយ ដែលមានបំណងចង់ធ្វើអ្វីមួយតាមបែបផែនហិង្សា មិនគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គណបក្សសង្រ្គោះជាតិគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ហើយយើងបន្តគោលការណ៍របស់យើង»

លោក យ៉ែម បុញ្ញឫទ្ធិ បានបន្តថា គោលដៅរបស់គណបក្សសង្រ្គោះជាតិ គឺការដណ្តើមជ័យជំនះក្នុងការបោះឆ្នោត នាពេលខាងមុខ មិនមែនជាការផ្លាស់ប្តូរដោយហិង្សានោះទេ។ លោកថា «គោលដៅរបស់គណបក្សសង្រ្គោះជាតិ បញ្ជាក់ជាថ្មីម្តងហើយម្តងទៀត គោលដៅរបស់យើងគឺធ្វើដំណើរ ទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន ដូច្នេះគោលដៅរបស់យើងត្រឹមត្រូវ និងច្បាស់លាស់ គឺបោះឆ្នោតដោយសេរី និងត្រឹមត្រូវ»

កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ មានបុរសម្នាក់ដែលអះអាងថា រូបគេស្ថិតនៅក្នុងអង្គភាពទិសនិរតី បានចេញមុខប្រកាសជាលក្ខណៈចំហរ តាមបណ្តាញសង្គម Facebook និង Youtube ដោយអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ ក្រសួង ស្ថាប័ននានា ត្រៀមខ្លួនចូលរួម ផ្តួលរំលំរាជរដ្ឋាភិបាល នៅពេលដ៏ខ្លីខាងមុខនេះ។

បុរសដែលមានរូបរបស់ខ្លួនជាច្រើនសន្លឹកនៅក្នុងគណនី Facebook ឈ្មោះ « Vichea Som» ហើយមានទាំងរូបគេស្លៀកពាក់យោធា ជាមួយក្រុមយោធានោះ បានថ្លែងការណ៍តាមវីដេអូរបស់ខ្លួនថា «យើងខ្ញុំតំណាងឱ្យ អង្គភាពភូមិភាគទិសនិរតី សូមប្រកាសព័ត៌មានដល់បណ្តាអង្គភាព និងក្រសួងទូទាំងប្រទេសកម្ពុជា ឱ្យបានជ្រាបថា នៅរយៈពេលដ៏ខ្លីខាងមុខនេះ សូមកងកម្លាំងប្រដាប់អាវុធត្រៀមខ្លួនឱ្យបានមុនជាស្រេច ដើម្បីប្រឆាំងនឹងរបបផ្តាច់ការ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហ៊ុន សែន និងយួនកុម្មុយនីស្ត»

កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញ ក្រុមរណសិរ្សរំដោះជាតិខ្មែរ (KNLF)  ដែលកន្លងទៅធ្លាប់លាក់ខ្លួននៅប្រទេសថៃ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា បានប្រកាសថា អ្នកអំពាវនាវ រដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា យ៉ាងកក្រើកនៅលើបណ្តាញសង្គម Facebookនោះ គឺជាសមាជិករបស់ខ្លួន។ ក្រុមមួយនេះ អំពាវនាវដោយភ្ជាប់ឱ្យសមាជិករបស់ខ្លួន ក៏ដូចជា សមាជិករបស់គណបក្សសង្រ្គោះជាតិ និងសមាជិកគណបក្សផ្សេងទៀត ដែលគាំទ្រខ្លួន ប្រុងប្រយ័ត្នអំពីការចាប់ខ្លួនដោយសាររឿងនេះផងដែរ៕