(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា គណបក្សប្រជាជនកម្ពុជា បានទាមទារឱ្យលោក សម រង្ស៉ី ប្រធានគណបក្សប្រឆាំង ​បង្ហាញភស្តុតាងឱ្យបាន ច្បាស់ជុំវិញការចោទ «រដ្ឋអំណាច» ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ។

លោក សុខ ឥសាន បានអះអាងថា គណបក្សប្រជាជនកម្ពុជា នឹងទាមទារឱ្យលោក សម រង្ស៉ី ទទួលខុសត្រូវចំពោះមុខច្បាប់ ជុំវិញអ្វីដែលលោក បានចោទប្រកាន់រាជរដ្ឋាភិបាលនៅលើ Facebook ប៉ុន្តែលោកថា CPP មិនទាន់មានគោលការណ៍រួមមួយដើម្បីសម្រេចប្តឹង លោក សម រង្ស៉ី ចំពោះករណីនេះនោះទេ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បាននិយាយថា «តើឯកឧត្តម សម រង្ស៉ី ចង់ទទួលខុសត្រូវចំពោះមុខច្បាប់ទៀត ឬយ៉ាងម៉េច? ការចោទប្រកាន់នេះ មិនមានមូលដ្ឋានអ្វីសោះ អញ្ចឹងទេ យើងសុំឱ្យបង្ហាញភស្តុតាង និងឯកសារច្បាស់លាស់ បើមិនដូច្នោះទេ លោក សម រង្ស៉ី នឹងទទួលការតវ៉ាពីសំណាក់ គណបក្សប្រជាជនកម្ពុជា ដែលអាចនឹងជាប់គុក​ថែមទៀត»

កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមានឃាតកម្មបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី នៅស្តាម៉ាតស្ថានីយ៍សាំងកាលតិច ស្តុបបូកគោ ស្ថិតក្នុងខណ្ឌចំការមននោះ លោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ បានបង្ហោះនៅលើទំព័រ Facebook របស់លោកដោយចោទប្រកាន់ថា «ករណីនេះត្រូវបានរៀបចំឡើងដោយរដ្ឋអំណាច»។ រហូតដល់ពេលនេះ ការចោទប្រកាន់នេះ កំពុងតែបង្ហោះនៅលើទំព័រ Facebook លោក សម រង្ស៊ី នៅឡើយ»

Fresh News មិនទាន់អាចទំនាក់ទនងសុំការបកស្រាយពីមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិបាននៅឡើយទេ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ។

កាលពីថ្ងៃទី១៣ ខែកក្កដា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានរិះគន់យ៉ាងខ្លាំងចំពោះ ប្រធានគណបក្សសង្រ្គោះជាតិ រឿងចោទប្រកាន់ រាជរដ្ឋាភិបាលកម្ពុជាថា ជាអ្នកនៅពីក្រោយ​ឃាតកម្មបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី នាពេលនេះ។ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជារូបនេះ បានចាត់ទុកថា ការចោទប្រកាន់នេះ គឺជាការលាបដ៏ធ្ងន់ធ្ងរ​មួយមកដល់រាជរដ្ឋាភិបាល ហើយថា លោក សម រង្ស៉ី ធ្វើនេះដើម្បីតែអំណាចផ្ទាល់ខ្លួនប៉ុណ្ណោះ៕