(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់ Fresh News នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះថា អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ កំពុងត្រួតពិនិត្យបញ្ជីឈ្មោះកងទ័ព ក្រោយសង្ស័យថា អ្នកប្រកាសធ្វើរដ្ឋប្រហារដើម្បីផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ស្ថិតនៅក្នុងជួរកងទ័ព។

ការអះអាងរបស់មន្រ្តីយោធាជាន់ខ្ពស់រូបនេះ បានធ្វើឡើងបន្ទាប់ពី បណ្តាញសង្គម Facebook ចែកចាយនូវរូបភាពជាច្រើនសន្លឹករបស់បុរស ដែលប្រកាសធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយមានស្លៀកពាក់ឯកសណ្ឋានយោធា និងនៅជាមួយក្រុមយោធា។

លោក ឈុំ សុជាតិ បានឱ្យដឹងថា «យើងឱ្យគេពិនិត្យនៅក្នុងបញ្ជីឈ្មោះហើយ ដោយថ្ងៃបន្តិចគេនឹងរាយការណ៍ជូនខ្ញុំ ដើម្បីដឹងថា តើពិតជាមានអញ្ចឹងមែនអត់ ព្រោះឈ្មោះក្នុងបញ្ជីជួនកាលមាន ជួនកាលអត់ ឬអាចវាចេះតែពាក់ក្លែងក្លាយ»។ លោកបន្ថែមទៀតថា «ម្សិលមិញ យើងឱ្យឈ្មោះ និង រូបថតទៅគេហើយ ក្រែងលវានៅក្នុងកងពលភូមិភាគ៤ ឬកងណា។ ចាំមើលឱ្យខាងអគ្គបញ្ជាការពិនិត្យវិញ លឿនជាង ព្រោះឈ្មោះទាំងអស់ជាង១០ម៉ឺននាក់ឯណោះ»

កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ មានបុរសម្នាក់ដែលអះអាងថារូបគេស្ថិតនៅក្នុងអង្គភាពទិសនិរតី បានចេញមុខប្រកាសជាលក្ខណៈចំហរ តាមបណ្តាញសង្គម Facebook និង Youtube ដោយអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ ក្រសួងស្ថាប័ននានា ត្រៀមខ្លួនចូលរួមផ្តួលរំលំរាជរដ្ឋាភិបាល នៅពេលដ៏ខ្លីខាងមុខនេះ។

បុរសដែលមានរូបរបស់ខ្លួនជាច្រើនសន្លឹកនៅក្នុងគណនី Facebook ឈ្មោះ « Vichea Som» នោះបានថ្លែងការណ៍តាមវីដេអូរបស់ខ្លួនថា «យើងខ្ញុំតំណាងឱ្យ អង្គភាពភូមិភាគទិសនិរតី សូមប្រកាសព័ត៌មានដល់បណ្តាអង្គភាព និងក្រសួងទូទាំងប្រទេសកម្ពុជា ឱ្យបានជ្រាបថា នៅរយៈពេលដ៏ខ្លីខាងមុខនេះ សូមកងកម្លាំងប្រដាប់អាវុធត្រៀមខ្លួនឱ្យបានមុនជាស្រេច ដើម្បីប្រឆាំងនឹងរបបផ្តាច់ការ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហ៊ុន សែន និងយួនកុម្មុយនីស្ត»

កាលពីម្សិលមិញ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានស្វែងរកចាប់ខ្លួនជនសង្ស័យ និងបក្ខពួក ដែលបានប្រកាសអំពីការប្រើប្រាស់កម្លាំង ក្នុងការផ្តួលរំលំ រដ្ឋាភិបាល ស្របច្បាប់តាមរយៈបណ្តាញសង្គម Facebook និង Youtube នេះផងដែរ។ តាមរយៈគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាន បាននិយាយថា ការប្រកាសធ្វើបែបនោះគឺមានលក្ខណៈញុះញ៉ុង និងមានចរិតជា លក្ខណៈកុប្បកម្ម បះបោដោយហិង្សា ប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់ ហើយលោកបានអំពាវនាវដល់មហាជនទូទៅសូមកុំឲ្យជឿ និងចូលរួមការអំពាវនាវនេះ។

នាយឧត្តមសេនីយ៍ ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាពិសេសការកុំចែកចាយបន្ត សេចក្តីប្រកាសដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលនេះ។ លោកថា បើសិនជាអ្នកលេង Facebook ចែកចាយបន្ត នោះមានន័យស្មើនឹងចូលរួមគាំទ្រ សកម្មភាពនេះផងដែរ៕