(អង់ការ៉ា)៖ ក្រោយការដកមន្ត្រីក្នុងក្រសួងសំខាន់ៗ និងការចាប់កងទ័ពចូលដៃធ្វើរដ្ឋប្រហារឃុំខ្លួននោះ រដ្ឋាភិបាលតួកគី បានបញ្ចេញនូវចំណាត់ការក្តៅ លើប្រព័ន្ធអប់រំវិញម្តង ដោយមន្ត្រីក្រសួងអប់រំ គ្រប់ជាន់ ថ្នាក់សរុប ១៥,២០០នាក់ត្រូវដកចេញពីតំណែង និងទាមទារឲ្យសកលវិទ្យាល័យរដ្ឋទាំងអស់ទូទាំង ប្រទេសដកព្រឹទ្ធបុរស (Dean) ទាំងអស់ចេញពីតួនាទីផងដែរ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយបណ្តាញព័ត៌មានទាន់ហេតុការណ៍ នាយប់ថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០១៦។

ក្រសួងអប់រំជាតិតួកគី បានថ្លែងជុំវិញបញ្ហានេះថា បុគ្គលិកដែលត្រូវដកចេញនោះគឺមានទាំងនៅទីក្រុង និងជនបទ ហើយក្នុងចំណោមបុគ្គលិកដែលត្រូវដក ពីតំណែងទាំង ១៥,២០០នាក់នោះ ក៏មានព្រឹទ្ធបុរសនៃសកលវិទ្យាល័យរដ្ឋចំនួន១,៥៧៧នាក់ផងដែរ។ ពួកគេនឹងត្រូវទទួលការស៊ើបអង្កេតពីសមត្ថកិច្ចពាក់ព័ន្ធ នឹងការចូលដៃធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលតួកគី កាលពីយប់ថ្ងៃសុក្រសប្តាហ៍មុន៕