(តួកគី)៖ ការដក និងចាប់ខ្លួនមន្ត្រីយោធារាប់ពាន់នាក់ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ខណៈនៅមុន នេះបន្តិចរដ្ឋាភិបាលបានសម្រេច ដកចៅក្រម ២,៧៤៥រូប និងសមាជិកនៃស្ថាប័នតុលាការជាន់ខ្ពស់ ៥រូបទៀតចេញពីមុខតំណែង ក្រោយរដ្ឋប្រហារយោធាបរាជ័យ ដែលបានបន្សល់ទុកមនុស្សស្លាប់ជិត ២០០នាក់។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន BBC នាយប់ថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៦។

ដូចដែលការលើកឡើង នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ជាពេលដែលកងកម្លាំងគាំទ្ររដ្ឋាភិបាល និងយោធា គាំទ្រការបះបោរ បានកំពុងតែប្រយុទ្ធតទល់គ្នានោះ ប្រធានាធិបតីតួកគីលោក Erdogan បានប្តេជ្ញា នៅមុនហ្វូងមនុស្សដែលគាំទ្រ និងយកជីវិតពាំងរូបលោកថា នឹងមិនអត់ឲ្យបណ្តាអ្នកដែលជាប់ពាក់ព័ន្ធ ឬផ្សំគំនិតក្នុងការធ្វើរដ្ឋប្រហារនេះឡើយ។

គួរបញ្ជាក់ថាសម្រាប់ចំណាត់ការបង្ក្រាប បានធ្វើឡើងមុនគេទៅលើជួរយោធា ហើយបន្តបន្ទាប់ទៀត មន្ត្រីរដ្ឋាភិបាលនិងអង្គភាពនានា ក៏នឹងត្រូវទទួលខុសត្រូវប្រសិនបើមានជាប់ពាក់ព័ន្ធរឿងនេះ៕