(ភ្នំពេញ)៖ នាយដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ បានធ្វើសន្និសីទ ដើម្បីបង្ហាញមុខក្រុមចោរប្លន់ ប្រដាប់អាវុធ៨នាក់ ក្រោយធ្វើការបង្ក្រាបបាន នៅខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ និងខេត្តរតនគិរី។ ក្នុងសន្និសីទកាសែតនេះ បានធ្វើឡើងនៅនាយកដ្ឋាន ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ សុខ ខេមរិន្ទ ប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ ង៉េង ជួ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងមន្ដ្រីនគរបាលមួយចំនួនទៀតផងដែរ។

លោកឧត្តមសេនីយ៍ទោ សុខ ខេមរិន្ទ បានថ្លែងថា «ក្រោមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ កង សុខន អគ្គស្នងការរងទទួល ផែននគរបាលយុត្តិធម៌ ទើបនាយកដ្ឋានព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញតាមបណ្ដាខេត្តទាំងអស់ នៅទូទាំងប្រទេស ដោយសហការជាមួយ កម្លាំងនាយកដ្ឋានសន្ដិសុខ ចេញប្រតិបត្តិការ បង្ក្រាបទើបយើងទទួលបានលទ្ធផលល្អនេះ ក៏ប៉ុន្ដែកម្លាំងរបស់យើងនឹងនៅតែបន្ដ ធ្វើយ៉ាងណាឲ្យបទល្មើសទាំងអស់ នៅក្នុងប្រទេសកម្ពុជាឲ្យធ្លាក់ ដល់ចំណុចសូន្យ»

លោកបញ្ជាក់ថា បន្ទាប់ពីទទួលព័ត៌មាន ស្តីអំពីករណីប្លន់ប្រដាប់អាវុធ នៅតាមខេត្តមួយចំនួននោះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាត់លោកឧត្តមសេនីយ៍ទោ ង៉េង ជួ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងចម្រុះ សហការជាមួយមន្ដ្រីជំនាញ នៃស្នងការនគរបាលខេត្តត្បូងឃ្មុំ និងស្នងការដ្ឋាននគរបាល ខេត្តរតនគិរី ទើបនៅយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងជំនាញបានបង្ក្រាប ជនសង្ស័យជាមុខសញ្ញាចោរប្លន់បាន៣នាក់ នៅចំណុចភូមិពង្រងលើ ឃុំកោងកាង ស្រុកពញ្ញក្រែក ខេត្តត្បូងឃ្មុំ។ សម្រាប់ក្រុមចោរប្លន់ដែលបង្ក្រាបបានទាំងនេះរួមមានទី១-ឈ្មោះ តាំ គ្រយ៉ា អាយុ៤២ឆ្នាំ ទី២-ឈ្មោះ នី យូសុះ អាយុ៣៥ឆ្នាំ និងទី៣ឈ្មោះ ក្រាយ ច្រំ ដែលពួកគេទាំង៣នាក់ គឺជាជនជាតិខ្មែរឥស្លាម។ បន្ទាប់ពីធ្វើការឃាត់ខ្លូន កម្លាំងសមត្ថកិច្ចដកហូតបានអាវុធ​ AK47 ១ដើម គ្រាប២១គ្រាប់ អាវុធខ្លី១ដើម គ្រាប់៨គ្រាប់ និងម៉ូតូHonda C100មួយកគ្រឿងផងដែរ ដែល ពួកគេបានធ្វើសកម្មភាពប្លន់នៅស្រុកវ៉ឺនសៃ ខេត្តរតនគិរី។ ចំណែកកាលពីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចនគរបាល បានធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះតាមដងផ្លូវ ស្ថិតក្នុងភូមិលេខ២ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ កម្លាំងនគរបាលបានដកហូតម៉ូតូ១គ្រឿង ខណៈជនសង្ស័យ៣នាក់ បានរត់គេចខ្លួនបានស្រមោល ប៉ុន្ដែកម្លាំងសមត្ថកិច្ចបានរកឃើញ អាវុធ AK47 ២ដើម គ្រាប់៣២គ្រាប់ កន្ដ្រៃកាត់ដែកមួយ និងសម្ភារៈមួយចំនួនទៀត ដែលក្រុមជនសង្ស័យបានលាក់ទុកក្នុងការ៉ុង។

លោកបន្ដថា បន្ទាប់ពីកម្លាំងជំនាញបានធ្វើការស្រាវជ្រាវ យ៉ាងល្អិតល្អន់រួចមក ក៏បានកំណត់មុខសញ្ញាថា ក្រុមជនសង្ស័យដែលបានរត់គេចខ្លូននោះ មានទីលំនៅក្នុងខេត្តកំពង់ស្ពឺ ក្រោយមកនាយកដ្ឋាន នគបាលព្រហ្មទណ្ឌ បានចាត់ឲ្យលោកឧត្តមសេនីយ៍ទោ ឡឹក វណ្ណះ អនុប្រធាននាយកដ្ឋាន សហការជាមួយមន្ដ្រីជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ទើបនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិដំបងទិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យបាន៦នាក់ ទី១ឈ្មោះ តឹក សំអុល ជាមេខ្លោងប្លន់ប្រដាប់អាវុធ៤លើក នៅក្នុងស្រុកឱរ៉ាល់ ហើយក៏ធ្លាប់ ជាប់ពន្ធនាគារនៅ ខេត្តរតនគិរីផងដែរ កាលពីឆ្នាំ២០១៤ ទី២-ឈ្មោះ យឹម វុទ្ធី អាយុ៣៧ឆ្នាំ ទី៣-ឈ្មោះ ភី យឿន ហៅយួន អាយុ៣៥ឆ្នាំ ទី៤-ឈ្មោះ ឆាយ ធឿន អាយុ៤៥ឆ្នាំ ទី៥-ឈ្មោះ សុខ មន្ថា អាយុ៤៨ឆ្នាំ ជាអ្នកលក់កាំភ្លើងឲ្យឈ្មោះ តឹក សំអុល និងទី៦-ឈ្មោះ សុខ ស្រីសួរ អាយុ២០ឆ្នាំ ប្រពន្ធ តឹក សំអុល។ លោកឧត្តមសេនីយ៍ បានបន្ថែមថា នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យឈ្មោះ តឹក សំអុល ទៅគាស់យកអាវុធAK47 ២ដើម ដែលគេបានកប់ទុក ខណៈពេលដែលកំពុងធ្វើដំណើរទៅ ស្រាប់រថយន្ដរបស់សមត្ថកិច្ចបានបែកកង់ ឆ្លៀងឱកាសនោះជនសង្ស័យ តឹក សំអុល បានរត់គេចទាំងដៃ ទាំង២ជាប់ខ្នោះ។

បច្ចប្បន្នសមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូន ជនសង្ស័យទាំងអស់ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ ចំណែកជនសង្ស័យដែល បានរត់គេចខ្លូនសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ កំពុងតែធ្វើការស្រាវជ្រាវ ដើម្បីចាប់ខ្លួនយក មកផ្តន្ទាទោសផងដែរ៕