(តៃវ៉ាន់)៖ ទីភ្នាក់ងារព័ត៌មានតៃវ៉ាន់ បានចេញផ្សាយនៅមុននេះបន្តិចថា ក្រុមចោរបានលួចលុយ ប្រមាណ ២,១៧លានដុល្លារអាមេរិក ចេញពី ATM របស់ធនាគារតៃវ៉ាន់ First Bank នៅចន្លោះ ថ្ងៃទី៩-១០ ខែកក្កដានេះ។

ធនាគារបានបញ្ជាក់ឲ្យដឹងថា ក្រុមចោរបានប្រើប្រាស់មេរោគ (Malware) ដើម្បីជ្រៀតចូលទៅលួច​លុយ​ចេញ​ពី​​ ATM របស់សាខាធនាគារ First Bank ចំនួន ២០កន្លែង នៅក្នុងទីក្រុងតៃប៉ិ និងតៃជុង មានម៉ាស៊ីន ATM ចំនួន ៣៤កន្លែងត្រូវបាន​ក្រុមចោរធ្វើសកម្មភាពលួច។

សារព័ត៌មានក្នុងស្រុកបានចេញផ្សាយថា ជនសង្ស័យនឹងករណីនេះ ចំនួន ៣នាក់ ត្រូវបាន​ចាកចេញពីតៃវ៉ាន់ នៅថ្ងៃចន្ទម្សិលមិញនេះ ដោយក្នុងនោះប៉ូលិសបានបញ្ជាក់ថា​ ជាជនជាតិរុស្ស៊ី ហើយមកដល់ពេលនេះប៉ូលិស ​​កំពុងតែធ្វើការស៊ើបអង្កេត៕