(ភ្នំពេញ)៖​ គូស្នេហ៍ស្រស់ស្អាតមួយគូ ដែលគេស្គាល់ថា ជាតារាសម្ដែងផងដែរនោះ រវល់តែឈ្លោះគ្នា ខាងប្រុសបានបើករថយន្ដលឿនដូចហោះ​ លុះដល់ផ្លូវបែកជា៤​ ក៏បុករបាំងថ្មអស់មួយផ្ទាំងពេញទំហឹង​ ធ្វើឱ្យរថយន្ដខូចខាតមួយកំណាត់មុខធ្ងន់ធ្ងរ​ តែសំណាងល្អមិនមានអ្នករងរបួសនោះទេ។

ហេតុការណ៍នេះ​ កើតឡើងនៅយប់ឈានចូលថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០១៦​ នៅចំណុចមហាវិថីព្រះសីហនុ​ កែងផ្លូវមុនីរ៉េត​ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ​ ខណ្ឌទួលគោក​។

បើតាមសាក្សីដែលឃើញហេតុការណ៍​បានឱ្យដឹងថា​ មុនពេលកើតហេតុ គេឃើញគូស្នេហ៍ស្រស់ស្អាតមួយគូនេះ​ ជិះក្នុងរថយន្ដ Lexus​ មួយគ្រឿង​ ពាក់ស្លាកលេខភ្នំពេញ 2P-9179​ ដែលបើកបរដោយខាងប្រុស​ ក្នុងល្បឿនយ៉ាងលឿនដូចហោះ​ ក្នុងទិសដៅពីជើងទៅត្បូងតាមផ្លូវព្រះសីហនុ​ បត់ទៅផ្លូវមុនីរ៉េត​ លុះមកដល់ចំណុចកើតហេតុ​ ដោយសារតែរថយន្ដមានល្បឿនលឿន​ ហើយកំពុងតែឈ្លោះគ្នាផងនោះ​ ក៏បានបុករបាំងថ្មចែកទ្រូងផ្លូវអស់មួយកង់​ ពេញទំហឹងលាន់ឭដូចរន្ទះ បណ្ដាលឱ្យរថយន្ដរងការខូចខាតធ្ងន់ធ្ងរ ទៅមុខលែងរួច​ តែសំណាងល្អមិនមាននរណាម្នាក់ រងគ្រោះថ្នាក់នោះទេ។ អ្វីដែរជារឿងចំឡែកនោះ​ នៅពេលសមត្ថកិច្ច​ និងក្រុមអ្នកកាសែតទៅដល់ស្រាប់តែ​ នារីជាស្រីស្នេហ៍បានជេ​រ​ និងចង់រកវាយប៉ូលីសថែមទៀតផង​ ហើយបោះសម្ដីថា «កុំចេះដឹងពេករឿងគេទេ​ លោកឯងទាំងអស់គ្នាកុំមកលូកដៃ»​។

ក្រោយពេលកើតហេតុ​ រថយន្ដបង្កត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ក្រុង​ ដើម្បីដោះស្រាយតាមនីតិវិធី៕