(ភ្នំពេញ)៖ លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ​ បានថ្លែងប្រាប់សារព័ត៌មាន Fresh News នៅមុននេះបន្តិច​រសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦ តុលាការសម្រេចចេញដីកាកោះហៅមន្រ្តីសមាគមអាដហុកម្នាក់ទៀត ប្រចាំខេត្តព្រៃវែង ឈ្មោះ អ៊ាង គឹមលី មកសាកសួរក្នុងនាមសាក្សី ក្នុងរឿងសូកប៉ាន់សាក្សី លើសំណុំរឿងអាស្រូវផ្លូវភេទលោក កឹម សុខា និង ស្រីមុំ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ខាងមុខនេះ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញរូបនោះបានបញ្ជាក់ទៀតថា សំណុំរឿងនេះពាក់ពន្ធ័ នឹងការចោទប្រកាន់លើមន្រ្តីអាដហុកចំនួន០៤នាក់ ពីបទសូកប៉ាន់សាក្សី និងលោក នី ចរិយា ពីបទសមគំនិតសូកប៉ាន់សាក្សី ។ លោកបានបន្តថា ទន្ទឹមនេះចៅក្រមសើបសួរនឹងកោះហៅសាក្សីមួយចំនួនទៀត មកសាកសួរជាបន្តបន្ទាប់នៅក្នុងរឿងក្តីនេះ។

លោក លី សុផាណា បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា «ចៅក្រមសើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅឈ្មោះ អ៊ាង គឹមលី ជាអ្នកសម្រប សម្រួលសមាគមអាដហុក ប្រចាំខេត្តព្រៃវែង មកសាកសួរ ជាសាក្សី នៅក្នុងរឿងសូកប៉ាន់សាក្សី នៅថ្ងៃទី ២៦ កក្កដា ២០១៦ពេលព្រឹក។ សំណុំរឿងនេះពាក់ពន្ធ័ នឹងការចោទប្រកាន់លើមន្រ្តីអាដហុកចំនួន៤នាក់ ពីបទសូកប៉ាន់សាក្សី និងលោក នី ចរិយា ពីបទសមគំនិតសូកប៉ាន់សាក្សី។ ទន្ទឹមនេះចៅក្រមសើបសួរនឹង កោះហៅសាក្សីមួយចំនួន ទៀតមកសាកសួរជាបន្តបន្ទាប់នៅក្នុងរឿងក្តីនេះ»

សូមបញ្ជាក់ថា មន្រ្តីអាដហុក ៤រូប រួមមានលោក នី សុខា ប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក, លោក យី សុខសាន្ត អនុប្រធាន ផ្នែកស៊ើបអង្កេត សមាគម អាដហុក, លោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក, លោកស្រី លឹម មុនី មន្រ្តីអង្កេត ជាន់ខ្ពស់អាដហុក និងលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប កំពុងជាប់ឃុំបណ្តោះអាសន្ន នៅពន្ធធនាគារព្រៃស ពាក់ព័ន្ធនឹងបទល្មើសស៊កប៉ាន់សាក្សី និងសមគំនិតស៊កប៉ាន់សាក្សី ក្រោយពីមានការសាកសួរពីតុលាការ និង អង្គភាពប្រឆាំងអំពើពុករលួយ។

ការឃុំខ្លួនមន្រ្តីទាំងអស់នេះបានធ្វើឡើងក្រោយពីកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលមានទំនាក់ទំនងស្នេហាជាមួយ លោក កឹម សុខា បានចេញលិខិតចំហរមួយ ដោយបានសរសេររៀបរាប់អំពីរឿងរ៉ាវ ដែលនាំឱ្យនាងលាក់បាំង មិនឆ្លើយការពិតប្រាប់សមត្ថកិច្ច អំពីទំនាក់ទំនងស្នេហាស៊ីជម្រៅ ជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដោយក្នុងនោះ នាងអះអាងថា ពាក់ព័ន្ធនឹងអ្នកទាំង ៥ខាងលើនេះ និងអ្នកដទៃ ជាអ្នកបង្គាប់ កុំឱ្យនាងនិយាយការពិតប្រាប់សមត្ថកិច្ច៕