(ភ្នំពេញ)៖ នៅមុននេះបន្តិចនាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦នេះ លោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចបិទការស៊ើបសួរ លើសំណុំរឿងលោក កឹម សុខា។ ហើយកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានយកដីកាទៅបិទដល់មុខផ្ទះរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងនោះលិខិតជូនដំណឹងរបស់ចៅក្រមស៊ើបសួរ​ បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រាប់មកជនត្រូវចោទឈ្មោះ កឹម សុខា ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរតំណាងរាស្រ្តមណ្ឌលកំពង់ចាម កើតនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៥៣ ទីកន្លែងកំណើតនៅ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។​​ ត្បិតសំណុំរឿងព្រហ្មទណ្ឌលេខ២៤០១ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ដែលបានចោទប្រកាន់តាមដីកាសន្និដ្ឋាន បញ្ជូនរឿងឲ្យស៊ើបសួរលេខ៖ ១៣៨២ អ.យ.ឋ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញពីបទ៖ បដិសេធក្នុងការចូលខ្លួន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ យើងសម្រេចបិទការស៊ើបសួរ»