(ភ្នំពេញ)៖ ស្រ្តីគ្រូទាយកំពូលបោកម្នាក់ ដែលធ្លាប់បានបោកប្រជាពលរដ្ឋជាច្រើននាក់ នាពេលកន្លងទៅ ទាំងនគរបាល និងអាវុធហត្ថផងដែរនោះ ឥឡូវនេះបានអស់លក្ខណ៍ ក្រោយពីមានអ្នកជិតខាងទូរស័ព្ទមកសមត្ថកិច្ចទាន់ រួចហើយចុះទៅជួយអន្តរាគមន៍ ដោយធ្វើការឃាត់ខ្លួនស្រ្តីរូបនេះតែម្តង នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិប៉ប្រកខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ខណៈដែលស្រ្តីគ្រូទាយរូបនេះ កំពុងបោកប្រជាពលរដ្ឋមួយគ្រួសារ។

អធិការនគបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ មានម្ដាយ និងកូនពីរនាក់ ដោយម្តាយឈ្មោះ រិតទូច អាយុ៥២ឆ្នាំ មុខរបរលក់បាយ និងកូនស្រីឈ្មោះ សុខ ចាន់ណា អាយុជាង៣០ឆ្នាំ មុខរបរលក់បាយ បានទៅរកគ្រូទាយឈ្មោះ កាំងបៀង ភេទស្រី អាយុ ៣៥ឆ្នាំរស់នៅភូមិប៉ប្រកខាងត្បូង ដោយឲ្យគ្រូទាយ អំពីការងាររកស៊ី និងកាលក់ផ្ទះនិងដី។

ស្រាប់តែពេលទៅជួបជនសង្ស័យ ក៏គ្រូទាយបោករូបនេះបានប្រាប់ថា មិនបាច់លក់ផ្ទះទេពីព្រោះផ្ទះនោះមានកំណប់។ បន្ទាប់មកនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ឪពុករបស់ជនរងគ្រោះ ឈ្មោះ កែវ ចនអាយុ៧០ឆ្នាំ ក៏បានជីករកកំណប់ខាងក្រោយផ្ទះដោយគ្រូទាយតំរូវឲ្យដាក់លុយតម្កល់ចំនួន ៧,០០០ដុល្លារ ដោយតាមអាយុឪពុក។

ប៉ុន្តែជនរងគ្រោះជីករកពុំឃើញ លុះដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ គ្រូទាយតំរូវឲ្យអ្នកទាំងបីនាក់បូកអាយុទាំងបីនាក់ គឺបន្ថែមលុយចំនួន ៩,០០០ដុល្លារទៀត គ្រូទាយបានឲ្យជនរងគ្រោះ បន្តជីករកកំណប់នៅម៉ោង ៨ព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦នេះ ។

ពេលជីកគ្រូទាយក៏មក ពេលនោះជនគ្រោះក៏បានឃើញរូបចំលាក់ត្រីរ៉ស់ចំនួនពីរ ហើយគ្រូទាយបានឲ្យជនរងគ្រោះយករូបចំលាក់ត្រីដាក់ត្រាំទឹកអាស៊ីត ប៉ុន្តែពេលកំពុងត្រាំត្រីក្នុងទឹកអាស៊ីត ឈ្មោះ សន កែវ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកធនាគារក៏មកដល់ឃើញបែបនេះ យល់ថា ក្រុមគ្រួសារចាញ់បោកគ្រូទាយ ក៏បានប្តឹងមកសមត្ថកិច្ចជួយអន្តរាគមន៍ ចុះទៅឃាត់ខ្លួនជនសង្ស័យរូបនេះតែម្តង។

បច្ចុប្បន្នជនសង្ស័យរូបនេះដែលធ្លាប់ចាញ់បោកគេរាប់មិនអស់នោះ ស្ថិតក្រោមការសាកសួរនៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕