(ភ្នំពេញ)៖ ឆ្លើយតបការចង់បាន និងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានោះ ទីបំផុតនៅវេលាម៉ោង៤រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ មន្រ្តីនគរបាលពាក់ផ្កាយ៣ គឺលោក ម៉ម ស្រ៊ីមវណ្ណា និងមន្រ្តីនគរបាលចរាចរណ៍ពាក់ស័ក្តិ១ នឹងជួបមុខគ្នាដើម្បីធ្វើការសម្របសម្រួល ព្រមទាំងការស្វែងយល់ចិត្តគ្នាទៅវិញទៅមក ចំពោះកងកម្លាំងប្រដាប់អាវុធនៅអង្គភាពផ្សេងគ្នា។

លោក ហេង ចាន់ធារី ស្នងការរងនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាព Fresh Newsថា «ត្រូវហើយ នៅម៉ោង៤រសៀលថ្ងៃនេះ នឹងមានការជួបគ្នារវាងពួកគេទាំង២នាក់ នៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីធ្វើការសម្របសម្រួល និងយល់ចិត្តគ្នាលើរឿងនេះ»

សូមបញ្ជាក់ថា ក្រោយពីការសម្រេចដកតំណែង និងគ្រោងបណ្តេញចេញពីនគរបាលជាតិរួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃនេះទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ បានសម្រេចកែតម្រូវ ដោយបន្ធូរបន្ថយវិធានការ លើឧត្តមសេនីយ៍ ម៉ម ស្រ៊ីមវណ្ណា មកត្រឹមដកតួនាទីពីអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប៉ុន្តែរក្សាទុកឋានន្តរស័ក្តជាឧត្តមសេនីយ៍ឯក នៃនគរបាលជាតិតទៅទៀត បន្ទាប់ពីសម្តេចទទួលបានសារ និងយោបល់ជាច្រើនរបស់បងប្អូនប្រជាពលរដ្ឋ ដែលបាន Comments ចូល Page របស់សម្តេច។

សម្តេចតេជោ បានបញ្ជាក់ទៀតថា នាពេលខាងមុខប្រសិនលោកឧត្តមសេនីយ៍ឯក ម៉ម ស្រ៊ីមវណ្ណា ស្គាល់កំហុស និងធ្វើការកែប្រែ ក្រសួងមហាផ្ទៃ អាចលើកសំណើរតែងតាំង ក្នុងមុខដំណែងណាមួយសមស្រប។ នេះជាឱកាសសំរាប់ការកែខ្លួន ក្នុងករណីយមិនកែប្រែវិន័យនឹងមានបន្តទៀត។

សម្តេចតេជោ ហ៊ុន សែន បានសម្រេចធ្វើការកែតម្រូវលើវិធានការ ចំពោះលោកឧត្តមសេនីយ៍ឯក ម៉ម ស្រ៊ីមវណ្ណា ដូចខាងក្រោម៖

១៖ អនុវត្តវិន័យចំពោះលោកឧត្តមសេនីយ៍ ម៉ម ស្រ៊ីមវណ្ណា ដោយដកតួនាទីពីអគ្គនាយករងនៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប៉ុន្តែរក្សាទុកឋានន្តរសក័ជាឧត្តមសេនីយឯក នៃនគរបាលជាតិតទៅទៀត។ នាពេលខាង
មុខប្រសិនលោក ម៉ម ស្រ៊ីមវណ្ណា ស្គាល់កំហុសនិងធ្វើការកែប្រែ ក្រសួងមហាផ្ទៃ អាចលើកសំណើរតែងតាំងក្នុងមុខដំណែង ណាមួយសមស្រប។ នេះជាឱកាសសំរាប់ការកែខ្លួន ក្នុងករណីយមិនកែប្រែវិន័យនឹងមានបន្តទៀត។

២៖ ស្នងការនគរបាលរាជធានីត្រូវអប់រំមន្ត្រីនគរបាល ដែលប្រើពាក្យសំដីមិនគប្បី ហើយប្រគល់ការងាឲ្យធ្វើឡើងវិញ។

៣៖ ក្រសួងមហាផ្ធៃ អគ្គស្នងការនគរបាលជាតិ ត្រូវធ្វើការអប់រំនគរបាលចរាចរណ៍ ទូទាំងប្រទេសអំពីសីលធម៍ សុជីវធម៍ វិន័យ។ល។ ត្រូវសុភាពរាបសារតែមហ្មឺងម៉ាត់ក្នុងការអនុវត្តច្បាប់។

៤៖ ខ្ញុំនឹងមានការរីករាយប្រសិនលោកឧត្តមសេនីយ៍ និងលោកអនុសេនីយ៍បានជួបគ្នារាប់អានគ្នាជំនួសឱ្យជម្លោះកន្លងមក។

៥៖ អំពាវនាវបងប្អូនជនរួមជាតិ គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងសូមចូលរួមផ្តល់មតិលើចំណុចខ្វះខាតចំពោះមន្ត្រី ដែលអនុវត្តច្បាប់ប្រព្រិត្តមិនគប្បី ចំពោះប្រជាពលរដ្ឋ។

ខ្ញុំសង្ឃឹមថា ដំណោះស្រាយនេះនឹងទទួលបានការគាំទ្រ។ ខ្ញុំសំរាកបានត្រឹម២ម៉ោងប៉ុណ្ណោះ ដោយសាររឿងមួយនេះ។

សូមជំរាបថា ការសម្រេចដកតួនាទី ឧត្តមសេនីយ៍ផ្កាយ៣មួយរូបនោះ ធ្វើឡើងបន្ទាប់មន្ដ្រីនគរបាលចរាចរណ៍ម្នាក់ បានសុំកិច្ចអន្ដរាគមន៍ពីសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដោយសារតែអង្គភាពរបស់ខ្លួនដកបញ្ឈជើង ក្រោយពីមន្ដ្រីនគរបាលចរាចរណ៍រូបនេះ បានផាកពិន័យរថយន្ដ ដែលបើកបរមិនគោរពភ្លើងសញ្ញា ប៉ះចំរថយន្ដលោកឧត្តមសេនីយ៍ពាក់ផ្កាយ៣ម្នាក់ ដែលត្រូវគេទម្លាយថា គឺលោក ម៉ម ស្រ៊ីវណ្ណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។ នេះបើយោងតាមគណនីយ Facebook មួយឈ្មោះ សុវណ្ណ រីហ្គេន ដែលបានបង្ហោះនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ។

ក្នុងគណនី Facebook នោះបានបញ្ជាក់ថា «ខ្ញុំបាទឈ្មោះ សូត្រ កញ្ញា អត្តលេខ៦៧៩៦៨ ជាមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខ្ញុំបានឃាត់ឡានមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AA-9562 ដែលបើកបរមិនគោរពភ្លើងសញ្ញា ហើយថែមទាំងមិនទទួលខុសត្រូវ និយាយមិនសមរម្យ មកលើខ្ញុំបាទ ដោយបាននិយាយប្រាប់ខ្ញុំថា ខ្លួនជាឧត្តមសេនីយ៍ហែ្អងអត់ស្គាល់អញទេ ឥឡូវខ្ញុំត្រូវបានអង្គភាពដកបញ្ឈរជើង»