(ព្រះសីហនុ)៖ លោកឧត្ដមសេនីយ៍ ស៊ាន កុសល ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ FRESH NEWS នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥នេះថា កម្លាំងនគរបាលខេត្តព្រះសីហនុ កំពុងដុតដៃដុតជើងស្វែងរកចាប់ខ្លួនជនសង្ស័យ ដែលលួចដុតរថយន្តជនជាតិតួកគីម្នាក់ បណ្តាលឱ្យខូចខាតផ្នែកខាងមុខ អស់ស្ទើរទាំងស្រុង។ យ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់អំពីមូលហេតុ ដែលនាំឱ្យមានករណីដុតរថយន្តជនបរទេសនេះនៅឡើយទេ ។

សូមជំរាបថា កាលពីព្រឹកទាបភ្លឺថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ មានករណីដុតរថយន្តជនជាតិតួកគីម្នាក់ឈ្មោះ OZTURK  BORA ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ កាន់លិខិតឆ្លងដែន​លេខ U09505705 នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅចំណុចផ្លូវប៉េតុង ស្ថិតក្នុងក្រុម៩ ភូមិ២១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ រថយន្តជនរងគ្រោះម៉ាក Mercedes-Benz ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2A-3789។

ជុំវិញបញ្ហានេះស្នងការនគរបាល ខេត្ដព្រះសីហនុ ឧត្ដមសេនីយ៍ ស៊ាន កុសល បានបញ្ជាក់តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ថា នគរបាលជំនាញរបស់លោកបាននឹង កំពុងបើកការស្រាវជ្រាវហើយ ដើម្បីរកមូលហេតុពិតប្រាកដ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។

គួររំលឹកថា នាពេលកន្លង​មក ក៏មានករណីលួចដុតរថយន្ដជនបរទេស នៅក្នុងទឹកដីខេត្ដទេសចរណ៍ជាប់សមុទ្រមួយនេះ បានកើតឡើងជាលើកទី២ហើយ ប៉ុន្ដែសមត្ថកិច្ចពាក់ព័ន្ធមិនទាន់អាចស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជនបង្កមកផ្តន្ទាទោសនៅឡើយទេ រហូតមកដល់ពេលនេះ ។

ប្រជាពលរដ្ឋបាននិយាយថា ជនបរទេសជាច្រើនបានស​ម្តែងការភ័យខ្លាចពីសុវត្ថិភាពរបស់ពួកគេ ពេលដែលទៅកម្សាន្តនៅខេត្តព្រះសីហនុ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី កន្លងមកនៅខេត្តនេះ ក៏មានជនបរទេសជាច្រើន ជាតិសាសន៍ បានទៅបើកហាង និងរកស៊ីជាហូរហែ ហើយពេលខ្លះបានបង្កភាពអនាធិបតេយ្យជាច្រើនលើកច្រើនសារដូចជា ការបាញ់បោះ និងការវ៉ៃតប់គ្នាជាដើម៕