(កំពង់ឆ្នាំង)៖ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី ប្រាក់ វុឌ្ឍី បានឲ្យដឹងថា សម្រាប់ខ្យល់កន្រ្តាក់យ៉ាងខ្លាំង នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦នេះ បានបណ្តាលឲ្យផ្ទះ​របស់ប្រជាពលរដ្ឋ ១៤៩ខ្នង បានដួលរលំ និងរបើុងដំបូលស្ថិតនៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ។

អធិការនគរបាលស្រុកកំពង់ត្រឡាច លោក ម៉ាត់ លី បានឲ្យដឹងថា ផ្ទះចំនួន៨១ខ្នង បានរងការខូចខាតដោយសារខ្យល់កន្រ្តាក់ ក្នុងនោះដួលរលំចំនួន៦១ខ្នង និងរបើកដំបូល ចំនួន២៣ខ្នង ដែលភាគច្រើនស្ថិតនៅឃុំលង្វែកតែម្តង។

ដោយឡែកលោក ដួង ហុង អធិការនគរបាលស្រុកសាមគ្គីមានជ័យ ក៏បានបញ្ជាក់ផងដែរ ផ្ទះប្រជាពលរដ្ឋ ចំនួន៦៥ខ្នង បានរងផលប៉ះពាល់ ក្នុងនោះ៥ខ្នង ដួលរលំ និង៦០ខ្នងទៀតបើុងដំបូល។ ជាមួយគ្នានេះ ដំបូលសាលារៀន ក៏រងការខូចខាតផងដែរ សម្រាប់គ្រោះធម្មជាតិមួយនេះ។

យ៉ាងណាក៏ដោយ បើតាមស​មត្ថកិច្ច ខ្យល់កន្ត្រាក់នេះ មិនបណ្តាលឲ្យមានអ្នករងរបួស និងប៉ះ​ពាល់ដល់អាយុជីវិតនោះឡើយ៕