(ព្រះសីហនុ)៖ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះប្រតិបត្តិការ និងឆែកឆេរអគារក្រុមហ៊ុនមួយកន្លែងស្ថិតនៅក្រុម៩ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ តាមពាក្យបណ្តឹងលេខ៦២៧ តាមរយៈហតឡាញរបស់អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

បន្ទាប់ពីក្រុមប្រតិបត្តិការធ្វើការឆែកឆេរ និងត្រួតពិនិត្យលើទីតាំងអាគារក្រុមហ៊ុននេះ បានរកឃើញអ្នកប្តឹងចំនួន៥នាក់ ជាជនជាតិចិន ដែលមានដូចនៅក្នុងបណ្តឹងលេខ៦២៧ នៅក្នុងបន្ទប់លេខ៣១៦ជាន់ទី៣។

ចំពោះការពិនិត្យលើស្ថានភាពជនជាតិចិនទាំង០៥នាក់ ក្នុងបណ្តឹងនៅក្នុងបន្ទប់លេខ៣១៦ ពុំមានការធ្វើទារុណកម្ម និងមិនមានវត្ថុតាងណាមួយពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ។

បន្ទាប់ពីពិនិត្យ និងធ្វើការឆែកឆេរទីតាំងខាងលើនេះ គឺបានរកឃើញមានជនបរទេសចំនួន២២៣នាក់ ក្នុងនោះស្រីចំនួន៣៥នាក់ ព្រមទាំងវត្ថុតាងមួយចំនួនទៀត។ សូមបញ្ជាក់ថា ករណីកំពុងស្ថិតក្នុងនីតិវិធីរបស់សមត្ថកិច្ច ដោយឡែកព័ត៌មានលម្អិតនឹងផ្តល់ជូននៅពេលបន្ទាប់៕