(អូស្ត្រាលី)៖ ក្រោយពីបានធ្វើការសិក្សា និងប្រើប្រាស់បច្ចេកវិទ្យាកាំរស្មីឡាស៊ែរ អស់រយៈពេល ១០ឆ្នាំមកនេះ ក្រុមអ្នកបុរាណវិទូអូស្ត្រាលី ដែលដឹកនាំលោក Damian Evans បានប្រកាសជាផ្លូវការនៅថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ ២០១៦នេះថា ទីក្រុងអង្គររបស់អតីតអធិរាជាណាចក្រខ្មែរ ដែលមានឥទ្ធិពលខ្លាំងពីសតវត្សរ៍ ទី០៩ ដល់សតវត្សរ៍ទី១៥ នោះពិតជាមានទំហំធំធេង លើសពីអ្វីដែលអ្នកបុរាណវិទូនានាបានកំណត់ និងកត់ត្រាទុកក្នុង សៀវភៅកន្លងមកទៅទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Washington Post នៅមុននេះបន្តិច។

លទ្ធផលនៃការស្រាវជ្រាវខាងលើនេះ បុរាណវិទូ Evans បានមកពីការសិក្សា និងគូសវាសផែនទីរួមគ្នាជាមួយក្រុម ការងារទៅលើផ្ទៃដី១.៩០១ គីឡូម៉ែត្រក្រឡា ដែលផ្ទៃដីនេះ មានទំហំប្រហាក់ប្រហែលនឹងទីក្រុងភ្នំពេញនាពេល បច្ចុប្បន្ននេះដែរ។ នេះជាលទ្ធផលនៃការអះអាង តំណាក់កាលដំបូង ដែលក្រុមបុរាណវិទូអូស្ត្រាលី អះអាងថា នឹងបន្តការងារនេះទៅមុខទៀត ដើម្បីស្វែងរកដានបន្សល់ទុកពីបុរាណ របស់អតីតមហានគរខ្មែរ និងទំហំជាក់លាក់ ដែលគេប្រាកដណាស់ ថាពិតជាធំធេងលើសពីអ្វី ដែលគេធ្លាប់ដឹងលឺកន្លងមកទៅទៀត។

លោក Evans ក៏បានបញ្ជាក់ទៀតថា ផែនទីថ្មីរបស់ទីក្រុងអង្គរ នឹងអាចបង្ហាញពីសក្ករាជដំបូងដែលមនុស្ស ចាប់ផ្តើម មានគំនិតកែប្រែភពផែនដីដែលគេរស់នៅ ដោយការជីកដៃទន្លេបង្ហូរទឹក ឬបង្កើតបឹងស្តុកទឹក ហើយនឹងការកាប់ព្រៃឈើ រានយកដីបង្កើតទីក្រុង ដែលបានកើតឡើងរាប់ពាន់ឆ្នាំមកហើយ មុនអ្វីដែលយើងធ្លាប់បានកត់ត្រាពីមុនមកទៅទៀត។ វាក៏បានបញ្ជាក់ថាផងដែរថា ការមើលស្រាលមនុស្សសម័យបុរាណរបស់យើង កន្លងមកនេះគឺខុសទាំងស្រុង។ បច្ចុប្បន្ន នេះការសិក្សា មិនទាន់បញ្ចប់នោះទេ ដោយក្រុមបុរាណវិទូ នឹងធ្វើការសិក្សាបន្ថែម ដើម្បីឈានទៅរកការគូសវាស ផែនដីទីថ្មី ដែលបង្ហាញពីទំហំជាក់លាក់នៃតំបន់អង្គរ និង ធ្វើការលុបចោលនូវផែនទីចាស់៕