(ភ្នំពេញ)៖ ប្រជាពលរដ្ឋនៅជាយរាជធានីភ្នំពេញ ប៉ែកខាងលិច និងខាងត្បូងរាជធានីភ្នំពេញ កំពុងប្រឈមនឹងការអត់ទឹកប្រើប្រាស់ បន្ទាប់ពីការដាច់ចរន្តអគ្គិសនី នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ បណ្តាលរោងចក្រផលិតទឹកស្អាត នៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជិតស្ថានីយរថភ្លើង ផ្អាកការផ្គត់ផ្គង់ទឹកជាបណ្តោះអាសន្ន រហូតដល់មានអគ្គិសនីឡើងវិញ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ ផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅតំបន់ភ្នំពេញថ្មី ខណ្ឌសែនសុខ គ្មានទឹកប្រើប្រាស់ឡើយ។

លោក ម៉ាណូ រ៉ាវីន ប្រធាននាយកដ្ឋានគ្រប់គ្រងបណ្តាញ នៃរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៤ ខែមិថុនានេះថា ដោយសារតែការដាច់ចរន្តអគ្គិសនី នៅសង្កាត់ស្រះចក តាំងពីយប់មិញមក ដូច្នេះធ្វើឲ្យរោងចក្រផ្គត់ផ្គង់ទឹកស្អាត នៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មិនដំណើរការ ខណៈរោងចក្រ៣ទៀតនៅដំណើរការ។ ការមិនដំណើរការរោងចក្រផលិតទឹកស្អាតនេះ បានធ្វើឲ្យចរន្តទឹកនៅក្នុងរាជធានីភ្នំពេញធ្លាក់ចុះ ហើយនៅតំបន់ជាយក្រុងភាគខាងលិច និងខាងត្បូងរាជធានីភ្នំពេញ ប្រឈមមុខខ្លាំងជាងគេ។

មន្ត្រីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រូបនេះ បានសូមការអធ្យាស្រ័យចំពោះ ការអាក់ខាតនៃការផ្គត់ផ្គង់ទឹក ជូនប្រជាពលរដ្ឋប្រើប្រាស់នេះ និងព្យាយាមធ្វើការយ៉ាងជិតស្និទជាមួយអគ្គិសនីកម្ពុជា ដើម្បីដោះស្រាយឲ្យបានលឿន តាមដែលអាចធ្វើទៅបាន។

ជាមួយគ្នានេះ ដែរអគ្គិសនីកម្ពុជា នៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ បានបញ្ជាក់ពីការដាច់ចរន្តអគ្គិសនី នៅតំបន់ខាងលើនេះផងដែរ។ អគ្គិសនីកម្ពុជាឲ្យដឹងថា មានការដាក់ចរន្តអគ្គិសនី ពីអនុស្ថានីយ៍ទី1 (GS1-F5A,F6A) នៅវេលាម៉ោង៩៖៤៤នាទីយប់ ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅ ផ្លូវលេខ៧៥ ផ្លូវលេខ៨៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ មូលហេតុដោយសារមានកំហូច កាបក្រោមដីបណ្ដាញតង់ស្យុងមធ្យម (MV)។

អគ្គិសនីកម្ពុជាបានបញ្ជាក់ទៀតថា ក្រុមការងារបច្ចេកទេស បានធ្វើការជួសជុល និងភ្ជាប់ចរន្តអគ្គិសនី ប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១១៖៤០នាទី។ ដោយឡែកនៅបន្ទប់ភ្លើងលេខ 562 របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្រុមការងារបច្ចេកទេសកំពុងធ្វើការត្រួតពិនិត្យ និងជួសជុលដើម្បីឱ្យឆាប់មានចរន្តអគ្គិសនីឡើងវិញ៕