(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសទុករយៈពេល ៣ខែគិតចាប់ពីថ្ងៃទី០៩ ខែមិថុនា នេះតទៅឲ្យម្ចាស់រថយន្តតទ្រុងទាំងអស់ កាត់ទ្រុងរថយន្តចេញវិញ ហើយបើម្ចាស់រថយន្តទាំងអស់នៅតែរឹងរូសមិនព្រមកាត់ទ្រុងរថយន្តចេញទេនោះ ក្រោយផុតឱសាទវាទ មន្រ្តីក្រសួងសាធារណការ អមដោយកងកម្លាំងសមត្ថកិច្ច នឹងចុះទៅកាត់ទ្រុងរថយន្តទាំងអស់នោះ ព្រមទាំងមានការផាកពិន័យជាប្រាក់ផងដែរ។

ការប្រកាសព្រមានចាត់វិធានការក្តៅលើរថយន្តតទ្រុងនេះ បានធ្វើឡើងបន្ទាប់ពីលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បញ្ចប់កិច្ចប្រជុំពិនិត្យលទ្ធផលការងារស្តីពីការចុះរឹតបន្តឹង លើមធ្យោបាយដឹកជញ្ជូន នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នេះ។

លោកទេសរដ្ឋមន្រ្តី បានថ្លែងថា ចំណាត់ការក្តៅក្នុងការកាត់ទ្រុងរថយន្តទាំងអស់នេះ ដើម្បីទប់ស្កាត់ការដឹកលើសទម្ងន់បង្កឲ្យខូចខាតផ្លូវ ដែលរាជរដ្ឋាភិបាលខិតខំចំណាយថវិការាប់លានដុល្លារអាមេរិក សាងសង់ឡើង។

លោកទេសរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «រាជរដ្ឋាភិបាលចំណាយប្រាក់រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីកសាងផ្លូវថ្នល់ជូនបងប្អូនប្រជាពលរដ្ឋយើង ធ្វើដំណើរដឹកទំនិញ គ្រប់បែបយ៉ាង ពង្រីកវិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍គ្រប់បែបយ៉ាងទាំងអស់។ ប៉ុន្តែផ្លូវខ្លះមិនទាន់បានប៉ុន្មានផង ខូចអស់អាលីងទៅវិញ លុយយើងខ្ចីគេមកនេះ និងថវិការបស់ជាតិយើង ចឹងយើងមានតួនាទីគ្រប់គ្នា ជួយថែ ទាំសមិទ្ធផល ដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែង សម្តេចដើរអំពាវនាវសុំគេផង ខ្ចីគេផង អង្វរគេផង ទាក់ទាញអ្នកវិនិយោគផង ទីបំផុតយើងនាំគ្នាប៉ុន្មាននាក់បំផ្លាញសមិទ្ធផលជាតិរបស់យើង។ ត្រូវតែគោរពច្បាប់ទាំងអស់គ្នា»

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ទៅម្ចាស់រថយន្តដឹកលើសទម្ងន់ថា បើមានរថយន្តមួយគ្រឿងដឹកទំនិញលើសទម្ងន់១០តោន ស្មើនឹងរថយន្ត១ម៉ឺនគ្រឿង ធ្វើដំណើរលើផ្លូវនេះ បើដឹកលើស២០តោន ស្មើរថយន្ត១៦ម៉ឺនគ្រឿង។

ពាក់ព័ន្ធនឹងការចាត់វិធានការទៅលើការដឹកលើសទម្ងន់នេះផងដែរ លោកទេសរដ្ឋមន្ត្រី បានបង្ហើបថា ក្រសួងគ្រោងនឹងស្រង់យកមតិពីប្រជា ពលរដ្ឋថា តើយល់ព្រមឲ្យក្រសួងរឹបអូសយករថយន្តដឹកលើសទម្ងន់ មកដាក់ជាសម្បត្តិរដ្ឋ ដែរឬទេ បើម្ចាស់រថយន្តទាំងនោះ នៅតែបន្តរឹងរូស មិនធ្វើតាមការច្បាប់ ដែលមានជាធរមាន។ បើតាមលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ ប្រសិនបើប្រជាពលរដ្ឋយល់ស្របលើយន្តការនេះ ក្រសួង នឹងអនុវត្ត ដើម្បីជាការដាក់កំហិតដល់អ្នកដឹកជញ្ជូនទាំងអស់គោរពច្បាប់ និងអាចថែទាំងផ្លូវបានយូរអង្វែង។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានបង្ហាញពីវិធានការតឹងរឹង ក្នុងការចុះទៅពង្រឹងការកែច្នៃរថយន្ត នៅតាមយានដ្ឋាននានាផងដែរ ពោលគឺជំរុញយ៉ាងណា ឲ្យម្ចាស់យានដ្ឋានទាំងអស់នោះ ធ្វើការកែច្នៃរថយន្តឲ្យគោរព ទៅតាមបទដ្ឋានបច្ចេកទេស។

បើតាមលោក ស៊ុន ចាន់ថុល ចាប់តាំងពីថ្ងៃទី១២ ខែឧសភា មន្រ្តីរបស់លោក បានចុះទៅយានដ្ឋានជាង ១ពាន់ហើយ ដើម្បីពន្យល់អប់រំ និងណែនាំឲ្យម្ចាស់យានយន្តយល់ពីបញ្ហាប្រឈម និងហានិភ័យផ្សេងៗកើតចេញពីការកែច្នៃខុសបច្ចេកទេស និងជំរុញឲ្យម្ចាស់យានដ្ឋានទាំងអស់នោះ ទៅចុះបញ្ជីជាមួយក្រសួងសាធារណការ។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា នៅមានយានដ្ឋានជាង១ពាន់ទៀត ដែលមន្រ្តីរបស់លោកនឹងចុះទៅអប់រំបន្ត។

លោករដ្ឋមន្រ្តីក្រសួងសាធាណាការ ក៏គ្រោងនឹងឲ្យមន្រ្តីរបស់ខ្លួនកាន់ឯកសារចុះដល់យានដ្ឋានទាំងអស់ ដើម្បីធ្វើការចុះបញ្ជីយានដ្ឋានទាំងអស់នោះ។ លោករំពឹងថា ក្នុងរយៈពេល៣ខែ យានដ្ឋានទាំងអស់អាចនឹងចុះបញ្ជីចប់សព្វគ្រប់។

លោក ស៊ុន ចាន់ថុល បានព្រមានដែរថា ប្រសិនបើយានដ្ឋានទាំងអស់មិនព្រមចុះបញ្ជី និងធ្វើការកែច្នៃរថយន្ត មិនគោរពតាមលក្ខណៈបច្ចេកទេសទេ ក្រសួងនឹងបិទយានដ្ឋានតែម្តង។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា ក្នុងរយៈពេលប្រមាណ១ខែកន្លះមកនេះ ក្រសួងបានធ្វើការផាកពិន័យពីរថយន្តដឹកលើសទម្ងន់ បានជាង៥០០លានរៀល។ តែទោះបីជាយ៉ាងណា លោក ស៊ុន ចាន់ថុល មិនចង់ប្រើយន្តការផាកពិន័យនេះ ព្រោះប្រាក់ផាកពិន័យនេះ មិនអាចទូតទាត់ការជួសជុលផ្លូវខូចខាត មកពីការដឹកលើសទម្ងន់នោះឡើយ៕