(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦នេះថា ការរិះគន់ និងចោទប្រកាន់ថា ទឹកដីខ្មែរ កម្ពុជាក្រោមបាត់បង់ដោយសារតែប្រមុខរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន គឺជាការចោទប្រកាន់ ដោយមិនត្រឹមត្រូវនោះទេ គ្រាន់តែ ជាការចោទប្រកាន់ផ្នែកនយោបាយ ដើម្បីបន្ទោសបង្អាប់រាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ។ លោក សុខ ឥសាន អះអាងបែបនេះ ដោយសំអាងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កើតនៅឆ្នាំ១៩៥២ ក្រោយបីឆ្នាំ ដែលបារាំងប្រគល់ដែនដីកម្ពុជា ទៅឲ្យស្តេច ប៉ៅដាយ នៃអាណាម។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដដែលក៏បានលើកឡើងយ៉ាងក្បោះក្បាល ពីប្រវត្ថិនៃការបាត់បង់ទឹកដី ខ្មែរកម្ពុជាក្រោម និងដើមចមមួយចំនួនផងដែរ។

ថ្លែងប្រាប់សារព័ត៌មាន Fresh News តាមទូរស័ព្ទ​ លោក សុខ ឥសាន បានលើកឡើងថា «ខ្ញុំយល់ថា ការមានមតិរបស់អស់លោកមួយចំនួន កំពុងតែចោទប្រកាន់លើរាជរដ្ឋាភិបាលបច្ចុប្បន្ន ជាការមិនត្រឹមត្រូវនោះទេ សម្តេចតេជោ ហ៊ុន សែន កើតឆ្នាំ១៩៥២ ក្រោយបីឆ្នាំដែលបារាំងប្រគល់ដែនដី កម្ពុជាក្រោមរបស់ស្តេចប៉ៅបាយ នៃអាណាម ចាត់ទុកជាការចោទ​ប្រកាន់​ផ្នែកនយោបាយ ដើម្បីបន្ទោសបន្អាប់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នតែប៉ុណ្ណោះ ពីព្រោះយើងពេលនេះ បើទោះបីជាគ្មាននរណាស្នេហាជាតិជាងសម្តេច សីហនុ ពេលនោះហើយ ក្នុងពេលដែលបារាំងប្រគល់ ទឹកដីទៅសម្តេច អាណាម មិនមែនការទាមទារ​ឯករាជ្យពីកម្ពុជាក្រោមនោះទេ»

ការអះអាងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បែបនេះបានធ្វើឡើង ក្រោយពីមានពាក្យចរចាអារាមថា ទឹកដីខ្មែរកម្ពុជាក្រោមបាត់បង់ដោយសារតែ ប្រមុខរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន  ហើយការលើឡើងនេះ គឺធ្វើឡើងមួយថ្ងៃមុនទិវារំលឹកពីការបាត់បង់ខ្មែរ កម្ពុជាក្រោម នៅថ្ងៃទី០៤ ខែមិថុនាស្អែកនេះ។

ឆ្លើយនឹងសំណួរថា ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមស្នើឲ្យរដ្ឋាភិបាលកម្ពុជា ដាក់ការគាប់សង្កត់លើអាជ្ញាធរ និងរដ្ឋាភិបាលវៀតណាមឲ្យគោរពសិទ្ធិពលរដ្ឋខ្មែរ កម្ពុជាក្រោម លោក  សុខ ឥសាន បានឆ្លើយតបថា «ខ្ញុំយល់ថា ការទាមទារសិទ្ធិសេរីភាព ក្នុងការរស់នៅគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋទូទៅមិនថា ប្រទេសណា ជាប្រទេសណាទេ យើងដឹងថា ប្រទេសវៀតណាម និងបណ្តាប្រទេសនៅ​លើសាកលលោក សុទ្ធតែជាសមាជិករបស់អង្គការសហប្រជាជាតិ ចឹងការទារមទារ របស់បងប្អូនខ្មែរកម្ពុជាក្រោម ត្រឹមត្រូវហើយ ប្រសិនជាការគាប់សង្កត់ រឹតត្បិតអំពីសិទ្ធិសេរីភាព ជំនឿសាសនា វប្បធម៌ផ្សេងៗ កតិកាសញ្ញា អនុសញ្ញា រឺការព្រមព្រៀងផ្សេងៗដែលមានចុះជាមួយអង្គការសហប្រជាជាតិ។ ដូចនេះបើមានបញ្ហាអ្វីមួយ គួរតែបងប្អូនកម្ពុជាក្រោម ដែលទទួលរងនូវផលវិបាកផ្សេងៗ ទោះបីតិចក្តីច្រើនក្តីគួរតែធ្វើទៅតាមយន្តការដើម្បីជូនទៅដល់សមត្ថកិច្ចនានា របស់អង្គការសហប្រជាជាតិបានដឹង ក៏ប៉ុន្តែចំពោះការដែលសំណូមពរដោយ រដ្ឋាភិបាលកម្ពុជា យើងអាហ្នឹងជាស្មារតីដែលយើងគាំពារបងប្អូនកម្ពុជាក្រោម យ៉ាងណារដ្ឋាភិបាលក៏មិនព្រងើយកន្តើយ គឺធ្វើយ៉ាងណា ធ្វើទៅតាមលក្ខណៈគោលការណ៍ការទូត»

គួរបញ្ជាក់ថា ទឹក​ដី​កម្ពុជា​ក្រោម​ ដែល​មាន​ទំហំ​ជិត​ស្មើ​ ៦៧ពាន់គីឡូម៉ែត្រការ៉េ ត្រូវ​អាណានិគម​បារាំង ក្នុង​គ្រា​ត្រួតត្រា​តំបន់​ឥណ្ឌូចិន បាន​ប្រគល់​ទៅ​ឲ្យ​ប្រទេស​វៀតណាម គ្រប់គ្រង​ផ្នែក​រដ្ឋបាល​កាល​ពី​ដើម​ខែ​មិថុនា ឆ្នាំ​១៩៤៩។ ដែន​ដី​កម្ពុជា​ក្រោម​បច្ចុប្បន្ន ឬ​អតីត​កូសាំងស៊ីន ត្រូវ​បាន​រស់​នៅ​ដោយ​ប្រជាជន​ខ្មែរ​តាំង​ពី​សម័យ​ហ្វូណន​មក​ម្ល៉េះ។ កាលពី​សម័យ​ដើម​យោងតាម​ឯកសារ​ប្រវត្តិសាស្ត្រ​​ឲ្យដឹង​ថា ​កាល​សម័យ​នោះ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​វិសាលភាព អ្នកប្រវត្តិសាស្ត្រ​​សន្មត់ហៅថា ចក្រភព​ខ្មែរ​។ នៅក្នុង​សម័យ​នោះប្រទេស​កម្ពុជា ជា​ប្រទេស​ចក្រពត្តិ មាន​ឥទ្ធិពល ​និង​ឫទ្ធានុភាព​ទៅលើ​ប្រទេស​នានា​នៅ​ជិតខាង​ដូច​យ៉ាង​ប្រទេស​ចម្ប៉ា (Champa) ប្រទេស​មន​, ​ប្រទេស​ជ្វាជាដើម៕