(ភ្នំពេញ)៖​ ហេតុការណ៌ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ ដោយបុរសជនសង្ស័យម្នាក់​ បានចូលគាស់ទូរ ​ATM របស់ធនាគារកម្ពុជាសាធារណៈ តែត្រូវបានប្រជាពលរដ្ឋ និងសន្តិសុខយាមធនាគារវាយឡើងទ្រោមខ្លួន និងចាប់ប្រគល់ឲ្យសមត្ថកិច្ច។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលបានទៅដល់កន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ហេតុការណ៍ភ្ញាក់ផ្អើលនេះ​ កើតឡើងនៅយប់ថ្ងៃ៣១​ ខែឧសភា​ ឆ្នាំ២០១៦​ ស្ថិតនៅអគារអ៊ែតវូដ​ ស្ថិតតាមបណ្ដោយ មហាវិថីសហព័ន្ធរុស្សី​ ក្នុងសង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេកកើតហេតុគេឃើញបុសជាជនសង្ស័យ ដើរតាមផ្លូវ​ ស្រាប់តែមួយសន្ទុះក្រោយមក​ ជនសង្ស័យក៏បានចូលទៅក្នុង បន្ទប់ដាក់ទូរ ATM​ យកដំបងដែកវាយបំបែក ក្នុងគោលបំណងដើម្បីយកលុយ​។ នៅពេលដែលជនសង្ស័យកំពុងធ្វើសកម្មភាព​ ស្រាប់សន្ដិសុខដែលយាមនៅទីនោះ​ឃើញ ក៏នាំគ្នាចាប់ជនសង្ស័យវាយម្នាក់មួយដៃមួយ មួយជើង​ ឡើងទ្រោមខ្លួន។

ក្រោយពេលកើតហេតុ​ ជនសង្ស័យត្រូវបានកម្លាំង នគរបាលខណ្ឌសែនសុខ​ យកទៅសាកសួរនៅប៉ុស្តិ៍ទឹកថ្លា ដើម្បីកសាងសំណុំចាត់ការតាមនីតិវិធី៕