(ពោធិ៍សាត់)៖ ក្នុងចំណោមបុរស​២នាក់បានស្លាប់ ដោយស្លាប់ម្នាក់នៅកន្លែកកើតហេតុ​ និងម្នាក់ទៀត​ស្លាប់ ពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកបាកាន នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងកាលពីវេលាម៉ោង ៨៖២៥នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នៅលើផ្លូវកៅស៊ូ​ ខាងជើងស្ពានប្រឡាយគោករំលចម្ងាយ ៥៧.២០ម៉ែត្រ​ ស្ថិតក្នុងភូមិស្តុកខ្លា ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

លោក​ នាង​ វុធ​ អធិការ​នគរបាល​ស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងព្រឹកនេះថា ករណីនេះបានកើតឡើងរវាងម៉ូតូ Dream ស៊េរី ២០១៦​ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1E-6740 បើកបរដោយឈ្មោះ បូរ​ សុផាត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ​អង្គការប្រាសាក់ ​នៅតាលោ​រស់នៅភូមិអន្លុងមាន​ ឃុំស្នាមព្រះ​ ស្រុកបាកាន ខេត្តពោធិ៍សាត់ ស្លាប់នៅនឹងកន្លែងកើតហេតុ រួមដំណើរដោយឈ្មោះ​ អ៊ុង​ សុភារ៉ា​ ភេទប្រុស អាយុ២៨ឆ្នាំ​ រស់នៅភូមិឆ្នាល់ចាន់​ ឃុំតាលោ​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់​ ស្លាប់ពេលបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកបាកាន ទំនងជាស្រវឹង​ ហើយងងឹតផងបានបុកជាមួយត្រាក់ទ័រ បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ។

លោកអធិការបានបន្តថា​ បើតាមប្រជាពលរដ្ឋនៅមូលដ្ឋាន មុនពេលកើតហេតុ​ គេឮសំលេងត្រាក់ទ័រ​ តែមិនដឹងមកពីទិសណាទេ ភ្លាមនោះក៏ឮសំលេងផាំងដូចរន្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលនាំគ្នាចេញមកមើល​ ក៏ឃើញបុរសម្នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុ និងបុរសម្នាក់ទៀតរបួសធ្ងន់ ពេលបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកបាកាន ដាច់ខ្យល់ស្លាប់​ ។​

វត្ថុតាងម៉ូតូជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការស្រុក ដើម្បីដោះស្រាយតាមនីតិវិធី នៅពេលក្រោយ ដោយឡែកសាកសពជនរងគ្រោះ​ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ តាមផ្ទះរៀងៗខ្លួន​៕