(ភ្នំពេញ)៖ លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសអូស្រ្តាលី បានថ្លែងប្រាប់អង្គភាព Fresh News ពីប្រទេសអូស្រ្តាលី នៅមុននេះបន្តិចនាថា ពាក់ព័ន្ធនឹងសារព័ត៌មាន Sydney Morning Herald បានចេញផ្សាយថា មន្ត្រី​ទូត​ជាច្រើន​នាក់ រួមទាំង​លោកកំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​ពាក់ព័ន្ធ​ការជួញដូរ​គ្រឿង​ស្រវឹង ​និង​ថ្នាំជក់​ក្នុង​ទីផ្សារងងឹតនោះ លោក កុយ គួង បានអះអាងឆ្លើយតបវិញថា ជារឿងគួរឲ្យអស់សំណើច និងជាការភាន់ច្រឡំរបស់សារព័ត៌មានអូស្រ្តាលី ដែលមិនបានស៊ីជម្រៅលើករណីនេះ។

លោក កុយ គួង បានថ្លែងបញ្ជាក់ថា ព័ត៌មានដែលបរទេសចុះផ្សាយនេះ គឺបានកើតឡើងតាំងពីចុងឆ្នាំ២០១៥មកម៉្លេះ ហើយកាលណោះអាជ្ញាធរ បានដោះស្រាយជាមួយម្ចាស់ហាងលក់ស្រាមួយកន្លែង នៅទីក្រុងម៉ែលប៊ន រួចរាល់អស់ហើយ មិនមានជាប់ពាក់ព័ន្ធនឹងមន្រ្តីទូតរបស់កម្ពុជា ក៏ដូចជារូបលោកផងដែរ។

ការឆ្លើយតបរបស់លោក កុយ គួង បែបនេះធ្វើឡើងបន្ទាប់ពី លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស​ក​ម្ពុ​ជា បានថ្លែងឲ្យដឹងថា ក្រសួងកំពុង​រង់ចាំ​ចម្លើយ​បំភ្លឺ​ពី​លោក កុយ គួ​ង ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​អូស្ត្រាលី ជុំវិញ​ព័ត៌មានបរទេស​បាន​ផ្សព្វផ្សាយ​ថា លោក កុយ គួ​ង បាន​ជួញដូរ​ថ្នាំជក់ និង​លក់​ស្រា ឥត​បង់ពន្ធ​នៅ​ប្រទេស​អូស្ត្រាលី។

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្រ្តាលីរូបនោះ បានបញ្ជាក់បន្ថែមទៀតថា ជាយូរមកហើយ រហូតមកដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលអូស្រ្តាលី បានផ្តល់ការអនុគ្រោះពន្ធស្រាដល់មន្រ្តីទូតនានាជាច្រើន ក្នុងនោះក៏មានកម្ពុជាផងដែរ ដោយក្នុងមួយឆ្នាំ២ដង ដោយដូច្នេះអ្វីដែល​មន្រ្តីទូតកម្ពុជា បានទិញស្រានៅហាងមួយកន្លែង (ហាងឥតបង់បន្ធ) នៅទីក្រុងម៉ែលប៊ន គឺធ្វើឡើងត្រឹមត្រូវតាមច្បាប់កំណត់របស់រដ្ឋាភិបាលអូស្រ្តាលី។ ស្ថានទូតខែ្មរ មិនដែលហ៊ានទៅធ្វើរឿងល្មើសច្បាប់ទាំងនោះឡើយ។ មន្រ្តីទូតខ្មែរនៅទីនេះគឺគោរពច្បាប់ខ្លាំងណាស់, សូម្បីល្មើសច្បាប់ចរាចរ ត្រូវផាកពិន័យគឺ បានបង់តាមច្បាប់កំណត់របស់អូស្រ្តាលី។​

លោក កុយ គួ​ង បានបញ្ជាក់ថា ករណី​ចោទប្រកាន់លោកជួញដូរថ្នាំជក់ និង​ស្រា​ខុសច្បាប់ ជារឿងគួរឲ្យអស់សំណើច និងជាព័ត៌មានភាន់ច្រឡំតែប៉ុណ្ណោះ មិនមានករណីដូចសារព័ត៌មានបរទេស ចេញផ្សាយនោះទេ៕