(ប៉េកាំង)៖ នាវាដឹកកុងតឺនឺចំនួនពីរគ្រឿង ដែលមកពីតំបន់អឺរ៉ុប បានបុកគ្នានៅក្នុងដែនសមុទ្រ ចិនខាងកើត ហើយក្នុងនោះនាវា មួយគ្រឿង បានទទួលរងការខូចខាតធ្ងន់ធ្ងរ រហូតដល់កើតជា អគ្គីភ័យឆាបឆេះយ៉ាដំណំ និង អ្នកបម្រើការនៅលើនោះ២២នាក់ត្រូវគេ ជួយសង្គ្រោះជាបន្ទាន់។ នេះបើតាមការ ចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃចន្ទ ទី០៩ ខែឧសភា ឆ្នាំ២០១៦។

ក្រុម Maersk របស់ដាណឺម៉ាក ដែលជាម្ចាស់កម្មសិទ្ធិលើនាវាមួយក្នុងចំណោមនោះបាន និយាយថា នាវារបស់ខ្លួនឈ្មោះ Safmarine Meru បានបុកជាមួយនាវា Northern Jasper របស់អាល្លឺម៉ង់ នៅក្បែរតំបន់ឆ្នេរសមុទ្រចិនភាគខាងកើត ជិតកំពង់ផែ Ningbo បន្ទាប់ ពីបានចាកចេញពីកំពុងផែ Qingdao ឆ្ពោះទៅទិសខាងជើង។

ក្រុមហ៊ុនខាងលើបន្តទៀតថា នាវាមួយក្នុងចំណោមនោះគឺបានដឹកកុងតឺនឺ រហូតដល់ទៅ៤០០ឯណោះ ហើយក្រោយពីការបុកគ្នានាវា មួយគ្រឿង បានឆាបឆេះ តែសំណាងល្អអ្នកបម្រើការ លើនាវានោះទាំង ២២នាក់ ត្រូវបាននាវារបស់ចិន ជួយសង្គ្រោះដោយ សុវត្ថិភាព។ ចំពោះកត្តា ដែលបង្កគ្រោះថ្នាក់ខាងលើនេះ កំពុងតែស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ៕