(ភ្នំពេញ)៖ ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែមេសានេះ បានបង្ហាញពីលទ្ធផលនៃការបញ្ចុះតម្លៃដឹកជញ្ជូន តាមកុងតឺន័រដោយបញ្ចុះថ្លៃ១០ដុល្លារ សម្រាប់មួយកុងតឺន័រ ប្រវែង៤០ហ្វីត។ ការបញ្ចុះតម្លៃនេះទទួលបានការសាទរ របស់អ្នកនាំចេញ ជួយកាត់បន្ថយថ្លៃដើម បានមួយកម្រិត ប៉ុន្តែអ្នកនាំចេញអង្ករវិញ ហាក់ចាត់ទុកថាមិនបានជួយ ទៅដល់វិស័យនាំចេញអង្ករទៅវិញ។

អ្នកនាំចេញអង្ករបានឲ្យដឹងថា កុងតឺន័រដែលបម្រើដល់ការដឹកជញ្ជូនអង្ករ ប្រើប្រាស់តែ២០ហ្វីតប៉ុណ្ណោះ ចំណែកឯការបញ្ចុះតម្លៃ សម្រាប់តែ៤០ហ្វីត។

លោកឧកញ៉ា គឹម សាវុធ អនុប្រធានស្រូវអង្ករកម្ពុជា និងជាប្រធានក្រុមហ៊ុន ខ្មែរហ្វូត បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២៩ ខែមេសានេះថា លោកពិតជាសាទរ ចំពោះការងាររបស់រដ្ឋមន្ត្រីសាធារណការថ្មី ប៉ុន្តែការបញ្ចុះតម្លៃនេះ ហាក់បីដូចជាមិនបានជួយអ្វីដល់ វិស័យនាំចេញអង្ករឡើយ ព្រោះតែវិស័យនេះ ប្រើប្រាស់កុងតឺន័រ ២០ហ្វីតប៉ុណ្ណោះ។ លោកថា ក្រសួងសាធារណការ គួរជំរុញបន្ថែមទៀត ឲ្យក្រុមហ៊ុនដឹកជញ្ជូន បញ្ចុះតម្លៃរបស់ខ្លួន ព្រោះតម្លៃប្រេងឥន្ធនៈ នៅលើទីផ្សារបានចុះថ្លៃរួចហើយ។

លោកឧកញ៉ា គឹម សាវុធ បានថ្លែងថា «ខ្ញុំយល់ថាក្រុមហ៊ុនដឹកជញ្ជូនទូទៅ គួរតែបញ្ចុះតម្លៃ១០% ព្រោះថា តម្លៃប្រេងនៅលើទីផ្សារ គឺបានធ្លាក់ថ្លៃហើយ។ សូមអំពាវនាវ ឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យមើលនូវការចំណាយរបស់ក្រុមហ៊ុនដឹកជញ្ជូនទាំងនោះឲ្យបានច្បាស់ ថាតើមកពីមូលហេតុអ្វី បានជាមិនអាចចុះថ្លៃបាន?»

លោកឧកញ៉ា សុង សារ៉ន ដែលជាប្រធាននាំចេញអង្ករ Amru Rice បានឲ្យដឹងផងដែរថា លោក សាទរចំពោះលទ្ធផលនៃការបញ្ចុះតម្លៃនេះ និងបានស្នើរឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យមើល និងស្វែងរកលទ្ធភាព ធ្វើការបញ្ចុះតម្លៃដល់ការដឹកជញ្ជូនអង្ករផង ព្រោះការបញ្ចុះតម្លៃនៅពេលនេះ មិនបានជួយដល់វិស័យនាំចេញអង្ករនោះទេ។

លោក សុង សារ៉ន បានលើកយកបញ្ហាការដឹកជញ្ជូនតាមរថភ្លើង ដើម្បីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការពិនិត្យនិងដោះស្រាយ ព្រោះថាបច្ចុប្បន្នការដឹកជញ្ជូនតាមផ្លូវរថភ្លើង នៅមានតម្លៃថ្លៃនៅឡើយ។ លោកថាក្រសួងគួរតែពិនិត្យ តម្លៃការដឹកជញ្ជូនតាមផ្លូវរថភ្លើងនេះ ព្រោះមិនត្រឹមតែជួយការនាំចេញប៉ុណ្ណោះទេ វាថែមទាំងកាត់បន្ថយការធ្វើចរាចរតាមដងផ្លូវទៀតផង។

លោក ចាន់ សុឃាំង ប្រធានក្រុមហ៊ុននាំចេញអង្ករ Signatures Of Asia បានលើកឡើងស្រដៀងគ្នានឹងលោក សុង សារ៉ន ផងដែរ ពាក់ព័ន្ធទៅនឹងការដឹកជញ្ជូនតាមផ្លូវរថភ្លើង។ លោកថា ការដឹកជញ្ជូនតាមផ្លូវរថភ្លើង មានតម្លៃថ្លៃជាងការដឹកជញ្ជូន តាមរយន្តកុងតឺន័រ ពោលអង្ករមួយទូរទម្ងន់២២-២៤តោន ដឹកតាមរថភ្លើងមានតម្លៃ១៨០-១៩០ដុល្លារ ចំណែកឯដឹកតាមរថយន្តកុងតឺន័រវិញ ថ្លៃពី១៧០-១៨០ដុល្លារ ដែលនេះទាមទារឲ្យក្រសួងសាធារណការ ចុះថ្លៃដឹកជញ្ជូនតាមរថភ្លើងនេះ ដើម្បីកាត់បន្ថយថ្លៃដើមការនាំចេញអង្ករ។

លោក ចាន់ សុឃាំង បានលើកឡើងថា បញ្ហាមួយចំនួនទៀត ក៏នឹងត្រូវចាប់អារម្មណ៍ពាក់ព័ន្ធ និងការដឹកជញ្ជូនផងដែរគឺ បញ្ហាដឹកជញ្ជូននៅកម្ពុជា មិនទាន់មានការគ្រប់គ្រងជាលក្ខណៈប្រព័ន្ធនៅឡើយ តម្លៃឡើងចុះស្រេចតែចិត្ត។ ជាមួយគ្នានេះ ការដឹកជញ្ជូនតាមកាប៉ាល់ ពីកំពង់ផែរបស់កម្ពុជា ទៅបរទេសវិញ នៅមានតម្លៃថ្លៃជាងប្រទេសជិតខាង ពី២-៣ដង។

សូមជម្រាបថា ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងសាធារណការថ្មី បានជួបប្រជុំជាមួយ នឹងបណ្តាសមាគមដឹកជញ្ជូន និងក្រុមហ៊ុនដឹកជញ្ជូននានា ដើម្បីស្វែងរកច្រក ក្នុងការបញ្ចុះតម្លៃដឹកជញ្ជូន ធ្វើយ៉ាងឲ្យកសិផល របស់ប្រទេសកម្ពុជា អាចនាំចេញទៅកាន់បរទេស ប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន។

លទ្ធផលនៅជំហានដំបូង ក្រសួងបានប្រកាស កាត់បន្ថយថ្លៃដឹកជញ្ជូន ចំនួន១០ដុល្លារ សម្រាប់កុងតឺន័រ៤០ហ្វីត ហើយក្រសួងក៏បានសំណូមពរ​​​ ឲ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ដាក់របាយការណ៍ជាក់លាក់ របស់ខ្លួនមកក្រសួង ដោយរៀបរាប់ពីការចំណាយលម្អិត នៃប្រតិបត្តិការដើម្បីធ្វើការកំណត់ ពីរបៀបកាត់បន្ថយថ្លៃដើម នៃការដឹកជញ្ជូនបន្ថែមទៀត៕